ក្នុងសារជាសំឡេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ផ្ញើជូនស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តនានា ជុំវិញការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ សម្ដេចតេជោមានប្រសាសន៍ណែនាំដល់ ឯកឧត្ដម លោកជំទាវ ដែលជាប្រធានស្ថាប័ន អភិបាលរាជធានី ខេត្ត និងតាមក្រុមហ៊ុន មិនចាំបាច់ស្នើសុំចាក់វ៉ាក់សាំឱ្យកម្មកររបស់ខ្លួននៅរោងចក្រកន្លែងនេះ ឬក្រុមហ៊ុនខ្លួននៅកន្លែងនោះទេ។ ដោយសារតែយើងទៅចាក់នៅកន្លែងណា កម្មករកម្មការិនីដែលរស់នៅកន្លែងនោះត្រូវចាក់ នៅក្នុងសង្កាត់ ឬខណ្ឌ ឬក្នុងភូមិរបស់ខ្លួន នៅក្នុងតំបន់ដែលចុះចាក់វ៉ាក់សាំង។ ទន្ទឹមនេះ លើកលែងតែមានករណីចាំបាច់ ដែលយើងកំណត់ចាក់នៅក្នុងរោងចក្រតែម្ដង ទៅតាមការកំណត់របស់គណៈកម្មការ និងអនុគណៈកម្មការចំពោះកិច្ច ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
សម្ដេចតេជោថ្លែងបញ្ជាក់ថា ដូច្នេះយើងមិនចាំបាច់សុំដាច់ដោយឡែក សម្រាប់ចាក់វ៉ាក់សាំឱ្យសមាជិក កម្មករ បុគ្គលិក នៅក្នុងក្រុមហ៊ុនរបស់ខ្លួនទេ ដោយណែនាំឱ្យកម្មករ បុគ្គលិកនៅក្នុងក្រុមហ៊ុននោះ គឺចុះឈ្មោះចាក់វ៉ាក់សាំង តាមទីតាំង ដែលនៅកៀកបំផុត។ សម្ដេចតេជោបានបន្ថែមថា នៅពេលដែលយើងចុះចាក់ចាក់ហើយ យើងមិនទុកឱ្យអ្នកណាម្នាក់អត់បានទទួលវ៉ាក់សាំងនោះទេ នៅតាមតំបន់ដែលយើងបានទៅដល់ ហើយដែលជាផ្នែកមួយដ៏សំខាន់ នៃការធ្វើសកម្មភាពចាក់វ៉ាក់សាំងនៅក្នុងផែនការវ៉ាក់សាំង ហើយនឹងធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព។ សម្ដេចតេជោបានលើកឡើងថា ត្រូវតែទទួលយល់ដឹងថា ចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារការឆ្លង ការស្លាប់សម្រាប់ប្រជាជន ដូច្នេះចាក់វ៉ាក់សាំងដើម្បីប្រសិទ្ធភាពនៃការការពារនោះ។ សម្ដេចតេជោបានថ្លែងឱ្យដឹងថា “យើងត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ កុំមើលតែផ្នែកមួយៗ យើងមើលស្ថានភាពទូទៅរបស់ប្រជាជន។ ឧទាហរណ៍ នៅក្នុងផ្ទះមួយ បើមានមនុស្ស០៥នាក់ ចាក់វ៉ាក់សាំងមានតែ០២នាក់ ក៏គ្មានប្រយោជន៍ដែរ ដូច្នេះបើយើងត្រូវការចាក់វ៉ាក់សាំងផ្ទះហ្នឹងហើយ ត្រូវចាក់វ៉ាក់សាំងបើមានមនុស្ស០៥នាក់ ត្រូវចាក់ឱ្យគ្រប់ចំនួន៥នាក់ លើកលែងតែគ្រូពេទ្យពិនិត្យឃើញថាអ្នកនោះមិនអាចចាក់វ៉ាក់សាំងបាន ទើបអនុញ្ញាត ដែលយើងនឹងអាចមានកាតដោឡែកមួយទៀត។
សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ សូមមេត្តាយោគយល់ ដែលមានការតាំងជាសំណួរថា ខ្ញុំបានចុះឈ្មោះចាក់វ៉ាក់សាំងហើយ ប៉ុន្តែមិនទាន់បានទទួលដំណឹងពីអាជ្ញាធរ ដែលនេះគឺជាសំណួរនៅតាមហ្វេសប៊ុកមកពីបណ្ដាខេត្ត ជាពិសេសគឺខេត្តព្រះសីហនុ ដែលខ្ញុំបានឆ្លើយតបត្រឡប់ទៅវិញថា យើងនឹងទៅដល់។ មូលហេតុដែលមិនអាចទទួលបានវ៉ាក់សាំងនៅក្នុងពេលនេះ គឺមកពីយើងខ្វះវ៉ាក់សាំង។ ដូច្នេះសូមបងប្អូនយោគយល់អាធ្យាស្រ័យ នៅក្នុងពេលវេលានេះត្រូវប្រើប្រាស់នូវបីការពារ និងបីកុំ គឺការពារខ្លួនឱ្យខានតែបានសិន ទម្រាំវ៉ាក់សាំងទៅដល់។ សម្ដេចតេជោបានថ្លែងបន្ថែមថា បើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេចបីការពារ និងបីកុំ ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើវ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ-១៩ផង៕
ប្រភព៖ AKP
មតិយោបល់