យោងតាមការផ្សាយរបស់ទីភ្នាក់ងារ KCNA កាលពីថ្ងៃសៅរ៍ទី២៩ឧសភា គឺមានកុមារសរុបប្រមាណ៧០០នាក់ ក្នុងនោះមានកុមារកំព្រា សិស្សសាលា និង ទាហានផង បានស្ម័គ្រចិត្តដើម្បីចូលរួមធ្វើការក្នុងវិស័យដែលកំបាក។

បណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង សរសេរបន្ថែមថា « កុមារទាំងនេះ បានតាំងចិត្តធ្វើការ នៅតាមការដ្ឋាន រោងចក្រស្លរដែក រោងចក្រអារឈើ និងនៅតាមសហករណ៍ ដើម្បីលើកដំកើងអបអរ យុវភាពរបស់ពួកគេ និងចូលរួមជ្រោមជ្រែងកសាង របបសង្គមនិយម ព្រមទាំងការរីកចម្រើនរបស់ប្រទេសជាតិ »។

គេមិនបានបញ្ជាក់ថា កុមារស្ម័គ្រចិត្តទាំងនោះ មានអាយុប៉ុន្មានខ្លះទេ តែគ្រាន់តែបានបញ្ជាក់ថាកុមារកំព្រាខ្លះ ទើបតែរៀនចំថ្នាក់មធ្យមសិក្សាបឋមភូមិ អនុវិទ្យាល័យ។ ហើយបើពិនិត្យ មើលលើរូបថត ដែលកាសែតរដ្ឋកូរ៉េខាងជើងផ្សព្វផ្សាយវិញ គឺគេឃើញសុទ្ធតែក្មេងវ័យជំទង់។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ បណ្តាញព័ត៌មានកូរ៉េខាងជើងនេះ ក៏បានប្រកាសដែរថា មានក្មេងដែលទើបរៀនចប់ពីសាលាកុមារកំព្រា ចំនួន១៥០នាក់ ក៏បានស្ម័គ្រចិត្តចូលបំរើការងារ នៅតាមអណ្តូងរ៉ែធ្យូងថ្ម និងនៅតាមកសិដ្ឋាន។

មតិយោបល់