ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត បានពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយលើបណ្តាញទំនាក់ទនងសង្គមហ្វេសប៊ុកថា៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មិនបាន អន្តរាគមន៍ តាមតួនាទី និងមនសិកាវិជ្ជាជីវៈរបស់ខ្លួនចំពោះករណីហិង្សា ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិច័ន្ទគ្រឹះស្នា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាងចុះ ស្រាវជ្រាវ និងសូមបំភ្លឺជូនដូចខាងក្រោម៖
-ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១ ចំណុចផ្ទះគ្រូពេទ្យឈ្មោះ អឿន ធីម នៅភូមិច័ន្ទគ្រឹះស្នា ឃុំច្រេស ស្រុកមេសាង មានករណីហិង្សាកើតឡើងបង្កដោយជនសង្ស័យឈ្មោះ សុផាណ្ណា រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ និងសាច់ញាតិចំនួន០៤នាក់ផ្សេងទៀតដែលត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណច្បាស់លាស់ ដែលអ្នកទាំងនេះរស់នៅភូមិច័ន្ទគ្រឹះស្នា ឃុំច្រេស ស្រុកមេសាង បានធ្វើសកម្មភាពវាយតប់ទៅលើជនរងគ្រោះឈ្មោះ ភន សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ.ឃុំ.ស្រុកជាមួយគ្នា។ ឈ្មោះ ភន សោភ័ណ្ឌ ជាអតីតស្វាមីរបស់ឈ្មោះ សុផាណ្ណា សុភាព (បានលែងលះ) បាននាំកូនឈ្មោះ សោភ័ណ្ឌ វិសាល ភេទប្រុស អាយុ១២ឆ្នាំ ទៅព្យាបាលជំងឺ នៅផ្ទះគ្រូពេទ្យឈ្មោះ អឿន ធីម និងបានរារាំងអតីតភរិយា និងសាច់ញ្ញាតិចូលសួរសុខទុក្ខ ក៏បានបង្កជាទំនាស់ពាក្យសម្តី និងឈានដល់ប្រព្រឹត្តអំពើហិង្សាតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីហិង្សានោះភ្លាម លោកមេភូមិច័ន្ទគ្រឹះស្នា ឈ្មោះ អ៊ុត សុឃា និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេសបានចុះដល់កន្លែងកើតហេតុ និងធ្វើអន្តរាគមន៍អនុវត្តជំនាញ ប៉ុន្តែជនបង្កឈ្មោះ សុផាណ្ណា រ៉ាវុធ បានរត់គេចខ្លួនពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចចុះទៅដល់។
ចំពោះករណីនេះ មន្ត្រីជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្តល់ព័ត៌មានអំពីបទល្មើសដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានមូលដ្ឋានអនុវត្តវិធានការជំនាញ និងវិធានការច្បាប់បានទាន់ពេលវេលា ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់