ប្រទេសសមាជិកអង្គការ WHO ដែលបានចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបោះឆ្នោតកាលពីថ្ងៃចន្ទកន្លងទៅ លើសេចក្តីសម្រេចមួយ ដើម្បីរៀបចំមហាសន្និបាតពិសេសមួយរបស់អង្គការ WHO ក្នុងខែវិច្ឆិកាខាងមុខនេះ ក្នុងបំណងសម្រេចឲ្យបាននូវសន្ធិសញ្ញាឬអនុសញ្ញាមួយ ដើម្បីជួយដល់បណ្តាប្រទេសនានា ដើម្បីត្រៀមខ្លួនក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតផ្សេងៗក្នុងពេលអនាគត ដែលនឹងអាចកើតមានប្រហាក់ប្រហែលនឹងជំងឺកូវីដ១៩នេះដែរ។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់កិច្ចប្រជុំថា៖ «ពេលវេលាបានមកដល់ហើយ» សម្រាប់ដាក់ចេញនូវសន្ធិសញ្ញាមួយ ដោយលោកលើកឡើងថា វានឹងជួយពង្រឹងដល់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនិងសន្តិសុខសុខភាពជាសាកល។ លោកថា សន្ធិសញ្ញានេះ នឹងដោះស្រាយនូវបញ្ហា«កង្វះខាតការចែកចាយទិន្នន័យ ព័ត៌មាន បច្ចេកវិទ្យា និងប្រភពធនធានផ្សេងៗ» ដែលធ្វើឲ្យមានការឆ្លើយតបដ៏យឺតយ៉ាវទៅលើជំងឺរាតត្បាតកូវីដ១៩៕
មតិយោបល់