(តូក្យូ)៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga គ្រោងនឹងបរិច្ចាគថវិកា ៨០០លានដុល្លារអាមេរិកបន្ថែមទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។
កាលពីពេលថ្មីៗនេះ ជប៉ុនបានប្តេជ្ញាផ្តល់ថវិកា ២០០លានដុល្លារ រួចទៅហើយដល់កម្មវិធី COVAX ដែលមានតួនាទីចែកចាយវ៉ាក់សាំងបង្ការ COVID-19 ទៅដល់បណ្តា ប្រទេសនានាលើពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្រកបដោយសមធម៌ និងតបតាមតម្រូវការចាំបាច់បំផុត។
ការប្រកាសពីផែនការបរិច្ចាគថវិកាបន្ថែមខាងលើ ធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី COVAX តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris), មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) និងតំណាងទាំងឡាយមកពីប្រទេស G7 នៅថ្ងៃពុធនេះ។ កិច្ចប្រជុំកំពូលនេះមានគោលដៅស្វែងរកការបំពេញ ថវិកាដែលខ្វះចន្លោះប្រមាណ ១.៧ពាន់លានដុល្លារអាមេរិក៕
AFP
មតិយោបល់