ព័ត៌មានជាតិ

ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ដោយលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ ក្នុងពូល C

ក្រុមភ្ញៀវជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ប៉ារែន ដោយលទ្ធផល ០ទល់៨ នៅក្នុងការប្រកួតទី៦ ក្នុងពូល C វគ្គជម្រុះជុំទី២ កាលពីយប់ថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup QATAR 2022)។

នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះ បារ៉ែនបានបើកការនាំមុខ២គ្រាប់ នៅនាទីទី៨ និងនៅនាទី៤៥បូក២ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះបន្តធ្វើសម្រេចបាន៦គ្រាប់បន្ថែម។ ចប់ការប្រកួត ក្រុមជម្រើសជាតិបារ៉ែនបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៨ទល់០។

ជាមួយនឹងជ័យជម្នះនេះបានធ្វើឱ្យក្រុមបារ៉ែន រកបាន៣ពិន្ទុបន្ថែម ហើយឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាមួយនឹង១២ពិន្ទុ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ប្រកួត និងស្មើ៣ប្រកួត ឈរនៅលើក្រុមអ៊ីរ៉ាក់ លេខ២ និងអ៊ីរ៉ង់ លេខ៣បណ្តោះអាសន្ន ដែលលេងទើបបាន៥ប្រកួតដូចៗគ្នា។

ចំពោះ៦ប្រកួតរបស់ក្រុមកម្ពុជា ស្មើ១ ចាញ់៥ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម នៅក្រោម ក្រុមហុងកុង ដែលឈរលេខ៤ (៦ប្រកួត) មាន៥ពិន្ទុ ឈ្នះ១ ស្មើ២ និងចាញ់៣។

រុមជម្រើសជាតិកម្ពុជា នៅសល់២ប្រកួតក្នុងដៃ ដែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយពីរប្រកួតចុងក្រោយនេះធ្វើនៅកីឡដ្ឋាន នៃទឹកដីបារ៉ែន ដូចៗគ្នាផងដែរ ៕

 

មតិយោបល់