ព័ត៌មានជាតិ

​​ជប៉ុន​នឹងផ្តល់​ជំនួយ វ៉ាក់សាំង បង្ការកូវីដ១៩ ចំនួន ១,២លាន​​ដូស​​ទៅឲ្យតៃវ៉ាន់ ដោយ​ឥតគិត​ថ្លៃ

តាម​រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោក Toshimitsu Motegi មាន​ប្រទេស និង​រដ្ឋាភិបាល​ជាច្រើន​បាន​ស្នើ​សុំ​វ៉ាក់សាំង​ពីប្រទេស​ជប៉ុន។ នៅក្នុង​ករណី​តៃវ៉ាន់ ជប៉ុន​នឹង​ផ្តល់​វ៉ាក់សាំង ដោយ​ឥតគិត​ថ្លៃ ទៅតាម​សំណើសុំ​របស់​តៃវ៉ាន់ ហើយ​ការបញ្ជូន​វ៉ាក់សាំង​ជាង ១លានដូស ទៅតៃវ៉ាន់ នឹង​ធ្វើឡើង យ៉ាងយូរ ​នៅថ្ងៃ​សុក្រ។

នៅល្ងាចថ្ងៃ​សុក្រ ​រដ្ឋមន្រ្តី​ការបរទេស​តៃវ៉ាន់ បាន​បញ្ជាក់ថា វ៉ាក់សាំង​របស់​ជប៉ុន បាន​ទៅ​ដល់​ទីក្រុង​តៃប៉ិ រួចហើយ។ ប្រមុខការបរទេស​តៃវ៉ាន់ បានស្វាគមន៍​ និងថ្លែងអំណរគុណ ដល់​ប្រទេស​ជប៉ុន ដែលបាន​ចែករំលែក តម្លៃជាសកល​នៃសេរីភាព និង​ប្រជាធិបតេយ្យ ជាមួយ​តៃវ៉ាន់។ សម្រាប់ តៃវ៉ាន់ នេះ​ជាលើក​ទី១ ដែល​តៃវ៉ាន់​បាន​ទទួល​វ៉ាក់សាំង​បង្ការកូវីដ ក្នុង​បរិមាណ​ដ៏ច្រើនបែបនេះ។

តៃវ៉ាន់ បាន​កុម្ម៉ង់ទិញ វ៉ាក់សាំង ៣០លានដូស ប៉ុន្តែ នៅមុនទទួល​បាន​អំណោយ​វ៉ាក់សាំង​ពីជប៉ុន តៃវ៉ាន់​បាន​ទទួល​វ៉ាក់សាំង​ AstraZeneca ជាង ៧សែនដូស និង​វ៉ាក់សាំង Moderna ១សែន ៥ម៉ឺនដូស តាមរយៈ​យន្តការកូវ៉ាក់ ពោលគឺ​មិនបាន ១លានដូសផង សម្រាប់​តៃវ៉ាន់ ដែល​មាន​ប្រជាជនសរុប ២៥លាននាក់។ កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃករណី ឆ្លងរាលដាល​ជំងឺកូវីដ រហូត​ដល់ ១ម៉ឺនករណី​ និង​មានអ្នកស្លាប់​ដោយសារ​កូវីដ ចំនួន​១៨៧នាក់ តៃវ៉ាន់​បាន​ព្យាយាម ស្វះស្វែង​រកវ៉ាក់សាំង សម្រាប់​ចាក់ឲ្យ​ប្រជាជន​របស់​ខ្លួន ឲ្យ​បាន​លឿនបំផុត។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ក្នុងស្រុក ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​រារាំង​ មិនឲ្យ​ក្រុមហ៊ុន នៅ​សៀងហៃ លក់ វ៉ាក់សាំង​Pfizer របស់​អាល្លឺម៉ង់ ទៅ​ឲ្យ​តៃវ៉ាន់។

ប្រតិកម្ម​ទៅនឹង​ជប៉ុន ផ្តល់​អំណោយវ៉ាក់សាំង​ទៅ​តៃវ៉ាន់ អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន លោក Wang Wenbinបាន​និយាយ​បែបចំអកថា ចិន​សង្ឃឹមថា ជប៉ុន និង​តៃវ៉ាន់ ពិតជា​មានបេះដូង ចង់ជួយជីវិតមនុស្ស​ពិតៗ ប៉ុន្តែ មិនមែន​គ្រាន់តែ​ឆាកល្ខោន បិទបាំង​គោលដៅ​អ្វី​ផ្សេងនោះទេ។ លោក Wang Wenbin បាន​ឆ្លៀត​ផងដែរ និយាយ​រិះគន់​ អាកប្បកិរិយា​របស់​អាជ្ញាធរ​តៃវ៉ាន់ ព្រោះថា ដើម្បី​ផលប្រយោជន៍​នយោបាយ រដ្ឋាភិបាល​តៃវ៉ាន់ បាន​និយាយ​បំផុសបំផុល និង​រារាំង បិទខ្ទប់ មិន​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅតៃវ៉ាន់។

សូមបញ្ជាក់ដែរថា វ៉ាក់សាំងជាង ១លានដូស ដែល​ជប៉ុន​ផ្តល់អំណោយ​ទៅ​តៃវ៉ាន់ ជា​វ៉ាក់សាំង AstraZeneca ផលិតឡើង​នៅប្រទេស​ជប៉ុន។ ជប៉ុន ដែល​យឺតយ៉ាវ ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន ទើប​បាន​ផ្តល់​ការអនុញ្ញាត ភ្លើងខៀវ​សម្រាប់​វ៉ាក់សាំង Moderna និង​AstraZeneca កាលពី ២សប្តាហ៍មុន។ ប៉ុន្តែ ផ្ទុយពី Pfizer Moderna ជប៉ុន បាន​ស្តុក មិនទាន់​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca​នៅឡើយទេ ដោយសារ​បញ្ហាដុំឈាម ក្នុង​សរសៃឈាម ដែលអាច​ទាក់ទង​នឹង ការចាក់​វ៉ាក់សាំង AstraZeneca។

ក្រៅតែ​ពីទទួល​វ៉ាក់សាំង​របស់​ជប៉ុន តៃវ៉ាន់ ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ដែល​អាមេរិក គ្រោង​នឹង​ផ្តល់ជំនួយ វ៉ាក់សាំង​ចំនួន ៨០លានដូស នៅ​ចុងខែ​មិថុនា​នេះ៕

 

 

មតិយោបល់