ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ រាត្រី ត្រជាក់ ដែលបានបង្ហោះព័ត៌មានមានខ្លឹមសារថា ៖ នៅគីរីរម្យ អ្នកបើកឡានដឹកដី មួយក្រុមផឹកស៊ី ចាក់បាសឡូឡា ស៊ីផ្លេរឡានពេញព្រៃ ដែលជាទង្វើគ្មានសីលធម៌ ធ្វើឱ្យប៉ះពាល់សាធារណជនមកកម្សាន្ដ និងបោះតង់នៅទីនោះ ! សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង ! ។
ក្រោយទទួលបាននូវព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាង លើ នៅទីតាំងផ្លូវឡើងភ្នំគីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច (នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់ គីរីរម្យ) ។
យោងតាមការបំភ្លឺរបស់អ្នកលក់ដូរនៅចំណុចទីតាំងខាងលើ រៀបរាប់ប្រាប់ថា កាលពីថៃ្ងទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី មានក្រុមរថយន្ដបែនដឹកដីប្រមាណ០៦គ្រឿង បានឡើងមកឈប់សំរាកលេងនៅចំណុចមាត់ទឹកស្រះស្រង់(បញ្ជាក់ទីតាំងចំណុច កើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ) ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗ និងផឹកស៊ី រាំច្រៀងយ៉ាងសប្បាយ ។ ប៉ុន្ដែការផឹកស៊ីរហូតដល់ម៉ោងប្រមាណ១៥និង៣០នាទី ទើបក្រុមពួកគេបានចាកចេញទៅវិញ ។ ក្នុងនោះផងដែរ ក្រុមរថយន្តបែន០២គ្រឿង ដែលចេញក្រោយគេ បានចុចស៊ីផ្លេរឡានយ៉ាងយូរឮរំពងពេញព្រៃប្រមាណ១៥នាទី ទើបឈប់ រួចចេញបាត់ទៅ ។ ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេស ចរដទៃទៀតមានការខឹងសម្បារនឹងក្រុមរថយន្ដឡានបែនដឹកដីទាំងនោះ ។
ជាលទ្ធផល ៖ តាមរយៈកិច្ចសហការជាមួយជំនាញពាក់ព័ន្ធ កម្លាំងនគរបាល ធ្វើការស្រាវជ្រាវករណីនេះ និងបញ្ជាក់ថា ពិតជាមានសកម្មភាពដូចការរៀបរាប់របស់ ប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ រាត្រី ត្រជាក់ នោះមែន តែក្រុមរថយន្ត បែនដឹកដីទាំង០៦គ្រឿង គឺមិនមានទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺនោះទេ ។
លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១ វេលាម៉ោង១០និង២០នាទី កម្លាំងនគរបាល បានព្យាយាមរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំង នោះដើម្បីបង្ហាញ និងពិនិត្យលើស្លាកលេខរថយន្ដ ក្នុងចំណោមរូបភាពរកឃើញ ស្លាកលេខរថយន្ត (ច ង្កូតស្ដាំ) 2-1986 យោងតាមកំណត់ត្រាស្វែងរកយានយន្តម៉ាក NISSAN ផលិតឆ្នាំ ១៩៩៨ ជាកម្មសិទ្ធិរបស់ឈ្មោះ នឹម ទុំ មានអាសយដ្ឋាន ផ្ទះ៨៨ ផ្លូវ.៥ #48 សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វិធានការបន្ដ គឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់គីរីរម្យ នឹងធ្វើការត្រួតពិនិត្យ លើករណីដែលភ្ញៀវទេសចរឡើងមកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត ។
អាស្រ័យហេតុនេះ សូមសាធារណជន និងម្ចាស់គណនីហ្វ៊េសបុក រាត្រី ត្រជាក់ ពិសេសអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ៕ សូមអរគុណ !!!
មតិយោបល់