ព័ត៌មានជាតិ

Sinovac ទើប​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ WHO​ ប៉ុន្តែភាព​មិន​​ទុក​ចិត្ត​លើ​វ៉ាក់សាំង​របស់​ចិន​នៅ​តែបន្ត​មាន នៅប្រទេសឥណ្ឌូណេស៊ី

តាំង​ពី​ខែ​មករា​២០២១​មក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានប្រើ​គ្រប់​មធ្យោបាយ​ឃោសនា​ ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩ ដោយ​ប្រើ​​សារ​វីដេអូ​របស់​ក្រសួង​សុខាភិបាល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ផង សារព្រមាន​ផាកពិន័យ​ផង ប៉ុន្តែ​នៅ​តែ​គ្មាន​លទ្ធផល។

ពិត​ជា​ចម្លែក​មែន ! បើ​តាម​នរវិទូ Sharyn Graham Davies នាយិកាវិទ្យាស្ថាន Herb Feith Indonesia Engagement Centre តាមទម្លាប់​ ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី មាន​ប្រពៃណី​សកម្ម និង​ស្វាហាប់​ រ​ទៅ​រកចាក់​​ថ្នាំ​បង្ការ​ណាស់ មិន​ថា​ជា​ថ្នាំ​បង្ការ​កញ្ជ្រិល ស្អូច គ្រុនស្វិតដៃជើង … និង​មិន​ដែល​ខ្វល់​គិត​អំពី​ប្រភព​នៃ​ថ្នាំ​បង្ការ​សោះ។ ពេល​នេះ​ស្រាប់តែ​មាន​ផ្ទុះ​គំនិត​មិនទុក​ចិត្ត​លើ​ថ្នាំ​បង្ការ​ ទៅ​ជា​មាន​​គំនិត​​​គិតថា​ចិន​មាន​បំណង​មិនល្អ​​ទៅ​វិញ។

ដោយ​ហេតុ​តែខុស​ប្រក្រតី​ខ្លាំង​ពេក ទើប​ក្រុមការងារ​របស់​លោកស្រី​បាន​នាំ​គ្នា​​សិក្សា​អង្កេត​។ នៅ​ក្នុង​ការ​​ស្ទង់​មតិ ​​​ពលរដ្ឋឥណ្ឌូណេស៊ី​បាន​លើក​អំពី​មូលហេតុ​ច្រើន​យ៉ាង​ដែល​ជំរុញ​ឱ្យ​ពួក​គេ​​មិន​ចង់​ទៅ​ចាក់​ថ្នាំ​បង្ការ​កូវីដ ក្នុង​នោះមាន​មួយ​​គឺគិត​ថា​ថ្នាំ​បង្ការ​ចិន​គ្មាន​ប្រសិទ្ធភាព ព្រោះឥណ្ឌូណេស៊ី​យល់​ថា​​ចិន​​បាន​​ចម្លងក្បួន​ពី​អឺរ៉ុប។ ហេតុផលមួយ​ទៀត គឺ​បណ្តាលម​កពីកង្វះ​តម្លាភាព គ្មាន​ការ​បញ្ជាក់​ប្រាប់​អំពី​ធាតុ​ផ្សំនៃ​ថ្នាំបង្ការ និង​មិន​ធ្វើ​តាម​គន្លង​សាសនា (មិនមែន​ថ្នាំHalal)។

​បើ​គិត​ដល់​ប្រពៃណី​ស្អប់​-មិន​ចូល​ចិត្តចិន​​វិញ ការ​មិន​​ចង់​ចាក់​ថ្នាំSinovac លែង​ជា​ព្រឹត្តិការណ៍​ចម្លែក​ហើយ។ ឥណ្ឌូណេស៊ី​មានប្រវត្តិប្រឆាំង​ និង​មិន​ទុក​ចិត្តចិន​​តាំង​ពីយូរ​មកហើយ តាំង​ពីក្រុម​​កុម្មុយនិស្ត​ឥណ្ឌូណេស៊ី​ជាប់​ចោទ​​ថា​បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៦៥។ នេះ​បើ​តាមការលម្អិត​បន្ថែម​របស់​លោកស្រីនរវិទូដដែល។ តាំង​ពី​ពេល​នោះ​មក ឥណ្ឌូណេស៊ីលែង​ទុក​ចិត្ត​ចិន។

លោកស្រី​នរវិទូ​បាន​ពន្យល់ទៀត​ថា ធ្លាប់​មានប្រវត្តិ​មិនទុក​ចិត្ត​​ផង ហើយ​ឥលូវ​ត្រូវ​ខ្លាច​ចិន (​ដណ្តើមការងារ​ឥណ្ឌូណេស៊ី ដណ្តើម​រោងចក្រ) បូក​ផ្សំ​នឹងជំងឺ​កូវីដ​១៩​​មាន​ប្រភព​ផ្ទុះនៅ​ចិន​ ក្លាយ​ជា​រោគ​រាតត្បាត​សាកល នាំ​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​ធ្លាក់​ក្នុង​ភាព​បិទ​ខ្ទប់​ អស់​សេរីភាព​ក្នុង​ការ​ដើរហើរ តែ​ពលករ​ចិន​ចូល​មកក្នុង​ប្រទេស​កាន់​តែ​ច្រើន​ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ១៩ វា​ជាការ​ធម្មតាទេ​គំនិត​ស្អប់​ប្រឆាំង​ចិន​មាន​កាន់​តែ​ខ្លាំង​ និង​លែង​​ចង់​ចាក់​ថ្នាំ​បង្ការ​នោះ។

គំនិត​ស្អប់​ និង​មិន​ទុក​ចិត្ត​ ខ្លាំង​ជាង​​យុទ្ធនាការ​ចាក់​ថ្នាំបង្ការកូវីដ​ អាច​បង្ក​ឱ្យ​មាន​ផលវិបាក​កាន់​តែ​ធ្ងន់ធ្ងរ​ គឺ​លែងទាំង​​ចង់​ទៅ​ចាក់​ថ្នាំបង្ការ​ជា​ទូទៅតែម្តង​។ បើ​តាម​អ្នក​ជំនាញ​ មាន​តែ​ផ្តល់​ការ​ចាក់​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​​ផ្សេង​ទៀត​ ដែល​អាច​ស្តារ​ទំនុក​ចិត្ត​ពលរដ្ឋ​ឥណ្ឌូណេស៊ី​បាន៕

 

 

មតិយោបល់