បរិបទនយោបាយតានតឹងនៅអ៊ីស្រាអែលពេលនេះមិនអាចធ្វើឲ្យប្រមុខស៊ើបការណ៍ស្ងាត់ផ្ទៃក្នុងអ៊ីស្រាអែលលោកណាដា អាហ្កាមែនដែលគ្មានទម្លាប់ចូលខ្លួនអន្តរាគមន៍បន្តឈរឱបដៃនៅស្ងៀមបានឡើយ។ ថ្លែងនៅយប់ថ្ងៃសៅរ៍ ទី៥ មិថុនា លោកណាដា អាហ្កាមែនបានព្រមានប្រឆាំងនឹងកំណើនសុន្ទរកថានយោបាយដែលមានបង្កដោយសារញុះញង់ឲ្យមានអំពើហិង្សា ពិសេសនៅលើបណ្តាញសង្គម។ លោកណាដា អាហ្កាមែនបានជំរុញឲ្យថ្នាក់ដឹកនាំនយោបាយមកពីគ្រប់គណបក្សទាំងអស់ឲ្យបញ្ឈប់ការប្រើសុន្ទរកថារបៀបនេះ។ សុន្ទរកថាដែលប្រមុខស៊ើបការណ៍ស្ងាត់ផ្ទៃក្នុងអ៊ីស្រាអែលរូបនេះយល់ថា អាចជាការបើកភ្លើងខៀវឲ្យមនុស្សខ្លះ ឬក្រុមខ្លះប្រព្រឹត្តិអំពើហិង្សាដែលអាចបង្កឲ្យមានស្នាមរបួសរហូតដល់ស្លាប់។

លោកណាដា អាហ្កាមែនមិនបានលើកចំឈ្មោះរូបថ្នាក់ដឹកនាំនយោបាយណាម្នាក់ទេ តែកាសែតក្នុងស្រុកខ្លះបានមើលឃើញថា សាររបស់លោកណាដា អាហ្កាមែនជាការព្រមានត្រង់សំដៅលើនាយករដ្ឋមន្រ្តីលោកនេតាន់យ៉ាហ៊ូដែលកំពុងដាក់គំនាបលើក្រុមអ្នកតំណាងរាស្រ្តឲ្យបោះបង់ការគាំទ្រលើគម្រោងបង្កើតរដ្ឋាភិបាលចម្រុះរបស់គូប្រជែងខ្លួនលោកយ៉ាអៀរ ឡាពីដ។

ជាការឆ្លើយតបដោយការពារខ្លួន លោកនេតាន់យ៉ាហ៊ូបានថ្លែងដោយចំអកនៅពីមុខថ្នាក់ដឹកនាំគណបក្សស្តាំនិយមលីគូដរបស់លោកក្នុងថ្ងៃអាទិត្យ ទី៦ មិថុនាដោយបានលើកឡើងពីភាពផុយស្រួយរវាងការរិះគន់នយោបាយ និងការញុះញង់ឱ្យមានអំពើហិង្សា។

តាមលោកនេតាន់យ៉ាហ៊ូ គេមិនអាចនិយាយបានទេថា នៅពេលដែលការរិះគន់មកពីបក្សខាងស្តាំជាការញុះញង់ឱ្យមានអំពើហិង្សា ហើយនៅពេលដែលការរិះគន់មកពីបក្សខាងឆ្វេងជាការប្រើប្រាស់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ បន្ទាប់មក លោកនេតាន់យ៉ាហ៊ូបានថ្កោលទោសលើគ្រប់ទង្វើញុះញង់ឲ្យមានអំពើហិង្សា និងចាត់ទុកការអំពាវនាវរបៀបនេះជារឿងខុសច្បាប់។

គួរបញ្ជាក់ថា លោកនេតាន់យ៉ាហ៊ូដែលបានកាន់តំណែងនាយករដ្ឋមន្រ្តីជាប់គ្នារយៈពេល ១២ឆ្នាំកំពុងប្រឈមនឹងការខ្ទាតពីអំណាច។ រដ្ឋាភិបាលចម្រុះថ្មីរៀបចំដោយប្រមុខបក្សប្រឆាំងលោកយ៉ាអៀរ ឡាពីដដែលរួមគ្នាជាមួយបក្សផ្សេងទៀត និងគ្មានរូបលោកនេតាន់យ៉ាហ៊ូកំពុងរង់ចាំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភាដែលត្រូវធ្វើឡើងចាប់ពីថ្ងៃពុធ ទី៩ មិថុនា ឬថ្ងៃចន្ទ ទី១៤ មិថុនាខាងមុខ៕

មតិយោបល់