ព័ត៌មានជាតិ

ចិន ចេញមុខបដិសេធព័ត៌មានដែលថាខ្លួនធ្វើតេស្ដមីស៊ីលលឿនជាងសំឡេង

(ប៉េកាំង)៖ ចិនបានធ្វើតេស្ដយានអវកាសកាលពីខែកក្កដាកន្លងទៅ មិនមែនធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងដូចដែលកាសែត Financial Times បានរាយការណ៍នោះទេ។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា «វាមិនមែនជាការធ្វើតេស្ដបាញ់មីស៊ីលអ្វីនោះទេ, តែវាគឺជាការធ្វើតេស្ដយានអវកាស តែប៉ុណ្ណោះ។ លោកបន្ថែមថានេះជាការធ្វើតេស្ដធម្មតា ក្នុងគោលបំណងធ្វើតេស្ដបច្ចេកវិទ្យាយានអវកាស។

កាសែត Financial Times កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនដោយផ្អែកលើប្រភពចំនួន៥ ដែលខ្លួនទទួលបាន បានចេញផ្សាយថាចិនកាលពីខែសីហាកន្លងទៅ បានធ្វើតេស្ដមីស៊ីលលឿនជាងសំឡេងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលបានហោះចូលទីអវកាស និងធ្វើដំណើរជុំវិញផែនដី មុននឹងវាធ្លាក់ ចំគោលដៅដែលបានកំណត់។ Financial Times ក៏បាននិយាយដែរថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមានការភ្ញាក់ផ្អើលជាខ្លាំង៕

ប្រភព៖ Reuters

មតិយោបល់