ព័ត៌មានជាតិ

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមមានគ្រាប់មីននិងគ្រាប់កាំភ្លើងត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញ

-នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២១ នេះអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូនភេទប្រុ​សអាយុ៤៣ឆ្នាំរសនៅភូមិផ្លូវមាសឃុំផ្លូវមាស​ស្រុ​ករតនមណ្ឌល ខេត្តបាត់ដំបង ពីករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនក្នុងខណៈ​ដែលរូបគាត់កំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ ដែលយុទ្ធភ័ណ្ឌទាំងនោះមាន៖
-គ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់
-គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថានៅចំណុចដែលប្រជាពលរដ្ឋលោកប្រទះឃើញយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះទាំងនេះកាលពីសម័យសង្រ្គាមចំណុច​នោះជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមចំណុចផ្សេងទៀតក្នុងស្រុករតនមណ្ឌល ហើយយុទ្ធភ័ណ្ឌទាំងនេះអាចជារបស់កងទ័ពក្នុងសម័យនោះដែលរក្សាទុកនៅទីកន្លែងនោះសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ ប៉ុន្តែនៅពេលក្រោយមកយុទ្ធភ័ណ្ឌទាំងនេះ បានកប់ទៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ស្ទឹងហើ​យ​ក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់​ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌ​ទាំងនេះផុសចេញមកពីគុម្ពឬស្សីទើបប្រជា​ពល​រដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច។
លោកបន្តថា គ្រាប់មីនទាំង៣៦គ្រាប់នេះ មានមួយចំនួនហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន បើទោះបី ជាវាកប់ក្នុងដីរយៈពេលយូរ​ឆ្នាំមកហើយក្តី រីឯគ្រាប់កាំភ្លើងទាំងពីរប្រភេទនេះមានសភាពច្រេះចាប់អស់ហើយ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីករ​ណីប្រទះឃើញគ្រាប់មីនប្រភេទ 72Aចំនួន ១២​គ្រាប់ ម្តងរួចមកហើយ ក្នុងខណៈដែលប្រជាពលរដ្ឋលោកភ្ជួរដីចំការរបស់គាត់នៅចំណុចភូមិជីប៉ាងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំ​បង ហើយនៅពេលនេះសមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា​CM​A​Cដើម្បីជ្រាបនិងចាត់ចែងតាមជំនាញនៅពេលបន្ទាប់ហើយ៕
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់