ព័ត៌មានជាតិ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងក្នុងខណ្ឌចំនួន៣ចុងក្រោយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមិថុនាស្អែកនេះ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសហៅកាត់ថា (គ.វ.ក ១៩) នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងក្នុងខណ្ឌចំនួន៣ចុងក្រោយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមិថុនាស្អែកនេះ ហើយក្រោយពីបញ្ចប់ក្នុងខណ្ឌទាំង៣នេះ ក្រុមការងារនឹងបន្តផ្តល់ជូនវ៉ាក់សាំងទៅក្នុងតំបន់ហានិភ័យខ្ពស់ តាមបណ្តាខេត្តផ្សេងៗទៀត ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ហៅកាត់ថា គ.វ.ក១៩ បានមានប្រសាសន៍ថា ក្រុមការងារ គ.វ.ក-១៩ បានរៀបចំកំណត់ទីតាំងដោយមានការចង្អុលបង្ហាញ ក៏ដូចជាឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារនឹងបន្ត ចាក់វ៉ាក់សាំងបង្ហើយនៅក្នុងរាជធានីភ្នំពេញ នៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែលយុទ្ធនាការ បន្តនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ ។

លោកជំទាវបានបន្តថា បន្ទាប់ពីចាក់ក្នុងខណ្ឌទាំង៣នេះរួចរាល់ បើសិនវ៉ាក់សាំងមានគ្រប់គ្រាន់ គឺក្រុមការងារនឹងបន្តចាត់ចែងវ៉ាក់សាំង ទៅតាមបណ្តាទីតាំង ដែលកំពុងមានហានិភ័យខ្ពស់ក្នុងខេត្តមួយចំនួនទៀត ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រផ្ការីក ហើយត្រូវតាមគោលដៅ នៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសអាចជួយសង្គ្រោះជីវិតមនុស្សដែលនៅក្រុមគោលដៅសំខាន់ៗ ។

«នៅថ្ងៃបន្តបន្ទាប់ទៀត ប្រសិនបើមានវ៉ាក់សាំងមកដល់ជាបន្តទៀត យើងនឹងចែកចាយវ៉ាក់សាំងទាំងនេះទៅដល់បណ្ដាស្រុក ដែលនៅតាមបណ្ដោយផ្លូវជាតិរបស់យើង ជាពិសេសគឺនៅជុំវិញរាជធានីភ្នំពេញ ដែលអនុវត្តតាមយុទ្ធសាស្រ្តផ្ការីក របស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនេះ ដូច្នេះក្រោយពីយើងដាក់នៅខេត្តកណ្ដាល គឺយើងនឹងបញ្ជូនវ៉ាក់សាំងបើសិនជាមានគ្រប់ យើងនឹងបញ្ជូនមួយចំនួនទៀត ទៅខេត្តព្រះសីហនុ ហើយយើងនឹងធ្វើជាបន្តបន្ទាប់ទៀត ទៅតាមបណ្ដាខេត្តដូចជាខេត្តកំពង់ស្ពឺ តែមិនមែនទូទាំងខេត្តទាំងអស់នោះទេ គឺយើងរើសទៅតាមទីតាំងដែលជាទីតាំងដែលយើងសង្កេតថា មានការផ្ទុះខ្លាំង ហើយក៏ជាទីតាំងដែលមានហានិភ័យខ្ពស់ ដូច្នេះមានខេត្ត កំពង់ស្ពឺដែលមានរោងចក្រច្រើន ហើយក៏មានដែរបងប្អូនកម្មករ កម្មការិនី រស់នៅទីនោះច្រើនផងដែរ ហើយយើងក៏មានខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តកំពង់ចាម តែនៅតាមបណ្ដោយដងផ្លូវជាតិនៅតាមស្រុកមួយចំនួន» ។

លោកជំទាវ ឱ វណ្ណឌីន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ សូមមេត្តារង់ចាំ គឺក្រុមការងារ នឹងអនុវត្តការងារទៅតាមយុទ្ធសាស្ត្រ ផ្ការីក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាជួយឲ្យ ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភាពសុំាក្នុងសហគមន៍ ហើយអាចរស់នៅតាមបែបគន្លងថ្មីនេះ ៕

មតិយោបល់