ព័ត៌មានជាតិ

ប្រទេសថៃ ដាក់បទបញ្ជាយ៉ាងតឹងរឹងប្រឆាំងនឹងអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwon បាន​ណែនាំ​ដល់​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម (DES) និង​ទីភ្នាក់ងារ​សន្តិសុខ​ឱ្យ​ចាត់​វិធានការណ៍​ឱ្យបាន​តឹងរឹង​ក្នុងការ​ប្រឆាំងនឹង​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​

​ ​លោក Prawit បាន​បញ្ជា​ឱ្យ​បណ្តា​ទីភ្នាក់ងារ​របស់​រដ្ឋ​ដែល​រួមមាន​មជ្ឈមណ្ឌល​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ប៉ូលីស​ថៃ ក្រសួងយុត្តិធម៌ និង​ក្រសួង DES ត្រូវ​សហការគ្នា​ដើម្បី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ហើយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​លោក Patchasak Patirupanont ជំនួយការ​អ្នកនាំពាក្យ​របស់​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត​បាន​បង្ក​ភាពច្របូកច្របល់​ក្នុងចំណោម​សាធារណជន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រតិបត្តិការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋាភិបាល​ថៃ​ក្នុងកំឡុងពេល​ដែល​កំពុង​មាន​ជំងឺ​រាតត្បាត​នេះ​។​ លោក​បាន​និយាយថា នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ក៏ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​ដល់​សាធារណៈជន​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន​អូ​ចា ក៏បាន​ណែនាំ​ដល់​ក្រុមប្រឹក្សារដ្ឋ​ដែលជា​ស្ថាប័ន​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​ឱ្យ​សិក្សា​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា រួមទាំង​ច្បាប់​ទាំងនោះ​នៅ​បរទេស​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Anucha Burapachaisri បាន​និយាយថា ការរកឃើញ​របស់​ក្រុមប្រឹក្សា​នឹងត្រូវ​បានបង្ហាញ​ទៅ​គណៈរដ្ឋមន្ត្រី ហើយនឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កែលម្អ​ច្បាប់​នានា​នៅពេល​បច្ចុប្បន្ន​៕

 

មតិយោបល់