ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាស

អាជ្ញាធររាជធានីភ្នំពេញ បានសន្យាថានឹងរៀបចំផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ។

ដើម្បីឱ្យផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូទីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនេះ ទទួលបានសុក្រិតភាពក្នុងការអនុវត្ត ល្អប្រសើរ និងដើម្បីឱ្យគម្រោងផែនការនេះមានលក្ខណ:គ្រប់ជ្រុងជ្រោយ នារសៀលថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយ: Video Conference ជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅសាលារាជធានីភ្នំពេញ។

 

ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពអាជីវកម្ម-ផលិតកម្មរបស់រោងចក្រ-សហគ្រាសស្ទើរតែទាំងអស់ នៅតែដំណើរការជាប្រក្រតី និងមានរោងចក្រ -សហគ្រាសតិចតួចប៉ុណ្ណោះ ដែលបានផ្អាកដំណើរការ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន ៧៤៦មូលដ្ឋាន និងឧស្សាហកម្មខ្នាតតូច-សិប្បកម្មមានចំនួន ៤.៩៨៥មូលដ្ឋាន បានបង្កើតការងារដោយផ្ទាល់ចំនូន ៤៧៦.៣៥៩នាក់ និងដោយប្រយោលជាច្រើនសែននាក់ផ្សេងទៀត ហើយអនុគណ:កម្មាធិការវិនិយោគរាជធានីភ្នំពេញ បានចុះបញ្ជីស្ថាពរជូនរោងចក្រវិនិយោគចំនួន ៣៤មូលដ្ឋាន បន្ថែមទៀត។

យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ មួយនៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយ ទៅក្នុងរោងចក្រ-សហគ្រាសមួយចំនួនទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗ រួមមាន៖

(១) ការស្នាក់នៅរបស់ បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬ អគារជួលរួមគា្ន។

(២) ការធ្វើដំណើរដោយមធ្យោបាយរួមរបស់បុគ្គលិក និងកម្មករ និយោជិត ដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ។

(៣) ការទិញម្ហូបអាហារ ពីកន្លែងលក់ដូរមិនរៀបរយ ។

(៤) ការមិនអនុវត្ត ឬអនុវត្តន៍មិនបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម។

ឈរលើមូលដ្ឋានខាងលើនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង សារ:សំខាន់ដែលត្រូវយកចិត្តទុកដាក់ចំពោះវិស័យនេះ។ ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបន្តអនុវត្តន៍ប្រកបដោយថាមភាពនូវគោលនយោបាយ “ចំណង២ និងចុងខ្សែ៤ របស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិក និងកម្មករ និយោជិតទាំងអស់ ក្នុងរាជធានីភ្នំពេញ៕

 

មតិយោបល់