តម្លៃដេញថ្លៃដំបូង ត្រូវបានគេកំណត់ ត្រឹម ៤.៨លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី១០មិថុនា។ ការដេញថ្លៃចុងក្រោយ បានប្រព្រឹត្តិធ្វើទៅ នៅថ្ងៃសៅរ៍ទី១២មិថុនា ដោយមានបេក្ខជនចូលរួម ប្រមាណជាង២០នាក់។ ត្រឹមតែជាង១០នាទីប៉ុណ្ណោះ ការដេញថ្លៃផ្តាច់ព្រាត់ ត្រូវបានបញ្ចប់ ដោយតម្លៃសំបុត្រចុងក្រោយ ដើម្បីហោះទៅលើអវកាស គឺមានតម្លៃ ២៨លានដុល្លារ។

អត្តសញ្ញាណបុគ្គល ដែលបានឈ្នះការដេញថ្លៃនេះ នឹងត្រូវប្រកាសឲ្យដឹង នៅរវាងប៉ុន្មានសប្តាហ៍ខាងមុខ។ បន្ថែមពីលើតម្លៃសំបុត្រ អ្នកឈ្នះការដេញថ្លៃ ត្រូវប្រគល់ប្រាក់ចំនួន ៦%នៃតម្លៃសំបុត្រទៅឲ្យក្រុមហ៊ុន RR Auction ក្នុងនាមជាកម្រៃជើងសារ នៃការដេញថ្លៃ។ ចំណែកប្រាក់ថ្លៃសំបុត្រ គឺនឹងត្រូវប្រគល់ទាំងស្រុង ទៅឲ្យមូលនិធិមួយ បង្កើតឡើងដោយ ក្រុមហ៊ុន Blue Origin ដើម្បីជួយយុវជនវ័យក្មេង ដែលចាប់ជំនាញវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា យាន New Shepard របស់ក្រុមហ៊ុន Blue Origin នឹងហោះចេញដំណើរ ចេញពីវាលខ្សាច់ខាងលិចរដ្ឋតិចសាស នៅថ្ងៃទី២០កក្កដា។ ក្រៅពីអ្នកទេសចរណ៍ ដែលឈ្នះការដេញថ្លៃសំបុត្រ ដំណើរទេសចរណ៍អវកាសជាលើកទី១នេះ គឺមានការចូលរួម ពីលោក Jeff Bezos អគ្គនាយក Amazon និងជាស្ថាបនិក ក្រុមហ៊ុន Blue Origin រួមជាមួយប្អូនប្រុសរបស់លោក។

ហោះឡើងទៅដល់កំពស់ ៧៥គីឡូម៉ែត្រ យាន New Shepard នឹងរុញក្បាលកាប់ស៊ុល ដែលមានផ្ទុកអ្នកដំណើរទាំង៣នាក់ ឲ្យឡើងដល់កំពស់១០០គីឡូម៉ែត្រ ពីផែនដី ពោលគឺជាកំពស់ព្រំដែនរវាងបរិយាកាសផែនដី និងសុញ្ញកាស។ ក្បាលកាប់ស៊ុលនឹងធ្លាក់មកកាន់ផែនដីវិញ ដោយមានជំនួយពីឆ័ត្រយោងធំៗ៣។ ការធ្វើដំណើរទៅមកនេះ មានថេរវេលាសរុប ប្រមាណតែជាង១០នាទីប៉ុណ្ណោះ។ អ្នកស្រី Ariane Cornell នាយកពាណិជ្ជកម្មរបស់ Blue Origin បានអះអាងថា យាន New Shepard ត្រូវបានបាញ់បង្ហោះសាកល្បង ចំនួន១៥ដងហើយ ហើយសុទ្ធតែបានជោគជ័យទាំងអស់៕
មតិយោបល់