Karim Benzema ខ្សែប្រយុទ្ធក្លិប Real Madrid បានចេញមកបញ្ជាក់ថាខ្លួនបានជាសះស្បើយ ១០០% ហើយនិងអាចលេងនៅ Euro 2020 ជាមួយ ក្រុមជម្រើសជាតិបារាំងបាន បន្ទាប់ពីមានការបារម្ភបញ្ហារបួសជង្គង់បន្តិចបន្តួច។
Benzema ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិបារាំងជាលើកដំបូងក្នុង រយៈពេល ៦ ឆ្នាំប៉ុន្តែគ្រូបង្វឹកលោក Didier Deschamps មានក្តីបារម្ភថាកីឡាកររូបនេះអាចនឹងអវត្តមានពី Euro បន្ទាប់ពីរងរបួសជង្គង់កាលប្រកួត មិត្តភាពទល់នឹង បុលហ្គារី។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានដូរចេញនៅនាទី ៤១ ក្នុងការប្រកួតនោះ។ យ៉ាងណាក្តី Benzema យល់ថាខ្លួនអាចលេងបានវិញហើយ ក្នុងការប្រកួតដែលបារាំងនឹងត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃ អង្គារ ស្អែកនេះ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយបែបនេះថា ៖ “ខ្ញុំមានអារម្មណ៍ល្អណាស់ ខ្ញុំបានចូលហ្វឹកហាត់ជាមួយក្រុមវិញកាលពីម្សិលមិញវាគ្មានការឈឺចាប់អ្វីនោះទេខ្ញុំគិតថាខ្ញុំមិនអាចខកខានលេង Euro បានទេ។ យើងមានក្រុមគ្រូពេទ្យល្អៗដូច្នេះអ្វីៗគឺត្រូវបានព្យាបាលយ៉ាងឆាប់ៗរហ័ស។ ខ្ញុំអាចហាត់ជាមួយក្រុមបានព្រោះខ្ញុំគ្មានការឈឺចាប់ឬក៏មានអារម្មណ៍មិនស្រួលអ្វីនោះទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់ខ្ញុំក៏បានហាត់ប្រាណបន្ថែមដូច្នេះខ្ញុំជា ១០០% ហើយ”៕
មតិយោបល់