អង្គាការ USAID បានផ្សាយព័ត៌មានរបស់ខ្លួននៅល្ងាចថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់ ដើម្បីឱ្យសហគមន៍នេសាទធ្វើការល្បាតជាទៀងទាត់ ដែលដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្ត បន្ថែមពីលើការលើកទឹកចិត្តដល់អ្នកដែលរកឃើញពងកន្ធាយក្បាលកង្កែប ដើម្បីយកមកការពារ សម្បុកពងរបស់វាគិតត្រឹមខែឧសភា ឆ្នាំ២០២១ បានរកឃើញចំនួន ៦៦សម្បុក ដែលមានពងចំនួន ២. ៤៩៨ នៅឆ្នាំ២០២០ រកឃើញ ៤៩សម្បុក ដែលមាន ១.៧៥៦ពង។
គម្រោង USAID ព្រៃឡង់បៃតង ផ្តល់ការគាំទ្រដល់សហគមន៍នេសាទ តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ធ្វើការល្បាតដើម្បីការពារសត្វដ៏កម្រ និងជិតផុតពូជនេះ ។ គោលបំណងនៃការល្បាតគឺដើម្បីបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ នៅក្នុងសហគមន៍នេសាទ និង រឹបអូសឧបករណ៍នេសាទខុសច្បាប់ចេញពីទន្លេ។ ក្រុមល្បាតក៏បានធ្វើការធានាថា គ្មានការប្រមូលកន្ធាយក្បាលកង្កែប ឬពងរបស់វា ហើយមិនមានសកម្មភាពនេសាទខុសច្បាប់ណាមួយកើតឡើងនៅក្នុងតំបន់ ដែលមានកន្ធាយក្បាលកង្កែបក្នុងរដូវបន្តពូជដែរ។
កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វ ដែលរងគ្រោះថ្នាក់ជិតផុតពូជលើសកលលោក។ នៅប្រទេសកម្ពុជា វាមានរស់នៅតែតាមតំបន់មួយចំនួនតូចនៃទន្លេមេគង្គ ហើយត្រូវបានគំរាមកំហែងដោយកត្តាជាច្រើន។ ការគំរាមកំហែងចម្បង គឺការប្រមូលពងរបស់វា យកទៅបរិភោគនិងការនេសាទសម្រាប់តម្រូវការក្នុងស្រុក និង នាំចេញទៅប្រទេសជិតខាង ៕
មតិយោបល់