ក្រុមអ៊ីស្រាអែលស្តាំនិយមនឹងដង្ហែក្បួនដោយគ្រវីទង់ជាតិនៅក្រុងហ្ស៊េរុយសាឡិមខាងកើត នៅល្ងាចថ្ងៃអង្គារនេះដែលអាចជាហានិភ័យបង្កភាពតានតឹងជាមួយប៉ាឡេស្ទីននៅក្នុងទីក្រុងដែលមានជម្លោះគ្នានេះ និងបង្កភាពតានតឹងឡើងវិញរវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សា(Gaza)។
ដោយអះអាងថា ការហែក្បួននេះជា«ការបង្កហេតុ»នោះ ភាគីប៉ាឡេស្ទីនបានអំពាវនាវឱ្យមានទិវា«ចងកំហឹង» នៅតំបន់ហ្កាហ៊្សានិងនៅតំបន់ វែសប៊ែង(West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ក្រុម Hamas ដែលជាអ្នកដឹកនាំជនជាតិឥស្លាមនៅតំបន់ហ្កាហ្សាបានព្រមានថា នឹងមានអរិភាពជាថ្មី ប្រសិនបើការដង្ហែក្បួននេះនឹងកើតមានឡើងមែននោះ។
ការដើរដង្ហែក្បួនពីដំបូងនៅថ្ងៃទី១០ ខែឧសភាបានប្តូរផ្លូវដើម្បីចៀសវាងកន្លែងតំបន់ពួកមូស្លីមនៅទីក្រុង Old City ដែលមានជញ្ជាំងបាំង នៅពេលភាពតានតឹងនៅក្រុងហ្ស៊េរុយសាឡិមបានបង្កឲ្យមានការប្រយុទ្ធគ្នាដ៏គ្រោះថ្នាក់ រយៈពេល ១១ ថ្ងៃ។ ក្រុមអ៊ីស្រាអែលស្តាំនិយមបានចោទប្រកាន់រដ្ឋាភិបាលរបស់ពួកគេថា បានចុះញ៉មពួកហាម៉ាស(Hamas)ក្នុងការប្តូរផ្លូវក្បួនដង្ហែនោះ។ ពួកគេបានរៀបចំពិធីដង្ហែក្បួននេះឡើងវិញ បន្ទាប់ពីបទឈប់បាញ់នៅហ្កាហ្សាសម្របសម្រួលដោយប្រទេសអេហ្ស៊ីបមានភាពរឹងមាំ។
ការហែក្បួននៅថ្ងៃអង្គារដែលនឹងចាប់ផ្តើមនៅម៉ោង៦:៣០នាទីល្ងាចម៉ោងក្នុងស្រុកបានបង្កបញ្ហាប្រឈមជាបន្ទាន់សម្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មីគឺលោក Naftali Bennett ដែលបានឡើងកាន់តំណែងកាលពីថ្ងៃអាទិត្យជំនួសលោក Benjamin Netanyahu មេដឹកនាំជើងចាស់រយៈពេលយូរ៕
មតិយោបល់