រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨ គ្រឿង ដែលក្នុងនោះរួមមានទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបានផងដែរ បានហោះចូលក្នុងតំបន់កំណត់ការពារដែនអាកាស (ADIZ) របស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីជាមិនទាន់មានការបកស្រាយណាមួយភ្លាមៗពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ ក៏ព័ត៌មាននេះបានលេចឡើង បន្ទាប់ពីក្រុមប្រទេស G-7 បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យរិះគន់ប្រទេសចិនលើបញ្ហាជាច្រើននិងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់ក្រុមប្រទេស G-7 នេះត្រូវបានចិនថ្កោលទោសថាជា «ការមួលបង្កាច់»។
កោះតៃវ៉ាន់បានត្អូញត្អែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថា កងទ័ពអាកាសចិនបានធ្វើបេសកកម្មម្តងហើយម្តងទៀតនៅជិតខ្លួន ដោយផ្ដោតនៅភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់ខ្លួននៅជិតប្រជុំកោះ Pratas ដែលខ្លួនត្រួតត្រា។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា បេសកកម្មថ្មីចុងក្រោយបំផុតរបស់ចិននេះមានការចូលរួមពីយន្តហោះចម្បាំងប្រភេទ J-16 ចំនួន ១៤ គ្រឿង យន្តហោះចម្បាំងប្រភេទ J-11 ចំនួន ៦ គ្រឿង យន្តហោះទម្លាក់គ្រាប់បែកប្រទេស H-6 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបានចំនួន ៤ គ្រឿង និងយន្តហោះប្រើមេដែកអគ្គិសនីដែលអាចទប់ទល់នឹងនាវាមុជទឹកនិងអាចឲ្យសញ្ញាជាមុន។
នេះគឺជាការទន្ទ្រានទ្រង់ទ្រាយធំបំផុត ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់បានចាប់ផ្តើមរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់កងទ័ពអាកាសចិននៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់កាលពីឆ្នាំមុន៕
មតិយោបល់