ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ភេសជ្ជៈតែបៃតង ហ្វាន់តា ទឹកក្រូចដបធំ ស្ករត្នោត ស្ពៃជ្រក់ ត្រូវមន្ត្រីជំនាញរកឃើញសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់

ក្រចេះ: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងអាជ្ញាធរស្រុកសំបូរ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅផ្សារសំបូរ និងផ្សារសាមគ្គីសណ្តាន់។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ សសៃគុយទាវ លត បាញ់កាញ់ ជ្រក់គ្រប់មុខ ស្ករត្នោត និងត្រីងៀតសំយ៉ុង ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់ និងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនខាងក្រោម៖
– ស្ពៃជ្រក់ មានផ្ទុកសារធាតុគីមី salisalic acid ចំនួន ១៣គីឡូក្រាម
– ស្ករត្នោត មានផ្ទុកសារធាតុគីមី sodium hydrosulfite ចំនួន ២៦គីឡូក្រាម
– ទឹកក្រូចដបធំ ចំនួន ៦ដប ស្មើនឹង ១៨.៦០លីត្រ
– ទឹកផ្លែឈើ ចំនួន ១៧ដប ស្មើនឹង ២៥.៥០លីត្រ
– ទឹកក្រូចដបជ័រ ចំនួន ២១ដុំ ស្មើនឹង ២៥.២០លីត្រ
– ភេសជ្ជ:ហ្វាន់តា ចំនួន ២០ដប ស្មើនឹង ៦លីត្រ
– ភេសជ្ជ:តែបៃតង ចំនួន ៦ដប ស្មើនឹង ២.២៨លីត្រ។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់