ក្រុមជំរើសជាតិអ៊ីតាលី បានក្លាយជាក្រុមដំបូងគេដែលកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ Euro ២០២០ បន្ទាប់ពីជ័យជំនះលើក្រុមស្វ៊ីស ៣-០ យប់មិញ។
Manuel Locatelli រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជំនះ ៣-០ យប់មិញនេះបូកទាំង ១គ្រាប់របស់ខ្សែប្រយុទ្ធជួរមុខ Ciro Immobile។ ក្រុមរបស់លោក Roberto Mancini បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួនឈ្នះ ១០ប្រកួតជាប់គ្នាស៊ុតបញ្ចូលទីសរុប ៣១គ្រាប់គិតតាំងពីប្រកួតចុងក្រោយដែលរបូតគ្រាប់បាល់ និងស៊ុតបញ្ចូលទីសរុប ៥៩គ្រាប់ក្នុង ១៩ប្រកួតចុងក្រោយ ហើយរបូតតែ ៣គ្រាប់ប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះក្រុមជើងឯកពិភពលោកឆ្នាំ២០០៦ មួយនេះមិនទាន់ចាញ់ឡើយ ២៩ប្រកួតជាប់គ្នា និងរកគ្រាប់បាល់សរុប ៨០គ្រាប់។ ជ័យជំនះរបស់អ៊ីតាលីយប់មិញមានន័យថា ពួកគេមាន ៦ពិន្ទុពេញពីការប្រកួត ២លើក ខណៈក្រុមលេខ២ គឺវែលដែលបានយកឈ្នះទួកគី ២-០។ ចំណែកលទ្ធផលប្រកួតទៀតយប់មិញនៅក្នុងពូល B វិញគឺរុស្ស៊ីយកឈ្នះហ្វាំងឡង់ ១-០៕
មតិយោបល់