កំពង់ធំៈ បទល្មើសការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចាប់ផ្តើមកំរើកសារជាថ្មី បន្ទាប់ពីមានសភាពស្ងប់ ស្ងាត់មួយដង្ហើមចង្រិត និងបានធ្វើសកម្មភាពដឹកជញ្ជូនជាទ្រង់ទ្រាយធំ និងការដឹកជញ្ជូនដូចសត្វកណ្តៀរ តាមរថយន្តតូរីស ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ ដឹកកំលាំង សមត្ថកិច្ចជំនាញ ចុះស្ទាក់រថយន្តប្រភេទ យីឌុបចំនួន២គ្រឿង ដែលបានដឹកឈើធ្នង់ សង្ស័យគ្មានលិខិត អនុញ្ញាតិ ឃាត់នៅចំនុច ភូមិ កូនត្នោត ឃុំ ជ័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថាមុនពេលឃាត់រថយន្តដឹកបទល្មើសនេះបាន លោកបានទទួលបញ្ជាពីថ្នាក់លើ នៅរាជធានីភ្នំពេញ បានបញ្ជាឲ្យឃាត់រថយន្ត២គ្រឿង បានដឹកឈើធ្នង់ពេញ ដឹកចេញពីអូជុញខេត្តព្រះវិហារ បំរ៉ុងឆ្លងកាត់ខេត្ត កំពង់ធំ រថយន្តទី១ ជាប្រភេទយីឌុប៥ភ្លៅ ពណ៌ ខៀវលាយសរ ពាក់ស្លាកលេខបណ្តោះអាសន្ន 6206 រថយន្តទី២ ជាប្រភេទរថយន្តយីឌុបដូចគ្នា ពណ៌ស្វាយប្រផេះ ពាក់ស្លាកលេខ ព O.42 ភព៣ ទើបលោកសុំការឯកភាពពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ ដើម្បីស្ទាក់រថយន្តនេះ ក្រោយមករថយន្តទី១ ដឹងខ្លួនបានបើកត្រឡប់ក្រោយ និងរថយន្ត មួយគ្រឿងទៀតធ្វើជារថយន្តខូច តែទីបំផុត ត្រូវបានឃាត់រថយន្តដឹកបទល្មើសទាំងពីគ្រឿង និងតៃកុងឡាន ព្រមទាំងព្រូ ៤នាក់ នាំយកមក ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើការវាស់វែង ។
តៃកុងរថយន្តត្រូវបានគេស្គាល់ឈ្មោះ លឿម ស៊ីណាត ភេទប្រុសរស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស៊ីឈ្នួល ឲ្យថៅកែឈ្មោះ ហេង និងព្រូឈ្មោះ គឹម ម៉ៅ អាយុ ២៥ឆ្នាំ រស់ភូមិជាមួយគ្នា តៃកុងឡានមួយទៀត ឈ្មោះ វីរៈឆាំ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកោះចាស់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងព្រូម្នាក់ឈ្មោះ លី បូណា ដឹកថៅកែឈ្មោះ ធី ឲ្យដឹកបទល្មើសទាំងនេះទៅភ្នំពេញ ចំណែកវត្ថុតាងមានឈើ២រថយន្តយីឌុប និងមនុស្ស៤នាក់ ខណៈនេះមិនទាន់ដឹងចំនួននៅឡើយទេ ។
តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា លោក ប៉ែន អៀន អភិបាលរងខេត្តកំពង់ចាម បានធ្វើលិខិត មួយជូនដល់អភិបាលខេត្តព្រះវិហារ និងអភិបាលខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចនៅតាមដងផ្លូវ ឲ្យជួយ សម្រួលនៃការដឹកឈើចំនួន ៣០ម៉ែត្រគូប ប្រភេទឈើធ្នង់ ដើម្បីយកទៅធ្វើផ្ទះផ្ទាល់ខ្លួន នៅខេត្តត្បូងឃ្មុំ លុះដឹកមកដល់ខេត្តកំពង់ធំ ទើបមានបញ្ជាមកពីថ្នាក់ដឹកនាំ បានបញ្ជាមកពីរាជធានីភ្នំពេញឲ្យសមត្ថកិច្ច ឃាត់រថយន្តខាងលើ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នការដឹកជញ្ជូនបទល្មើស ស្ទើរតែគ្រប់ប្រភេទ ដែលជាទ្រង់ទ្រាយធំ មិនមាន អ្នកក្រីក្រ តូចតាចណាហ៊ានដឹកនោះទេ គឺមានតែអ្នកមានអំណាច តែប៉ុណ្ណោះដែលហ៊ានដឹក។
ព័ត៌មានជាតិ
មតិយោបល់