ភ្នំពេញៈ បុរសម្នាក់បើកថយរថយន្តខ្វះការប្រុងប្រយ័ត្នទៅប៉ះបង្គោលភ្លើងមួយដើម ដួលរលំសង្កត់លើដំបូលរថយន្ត landcruiser ពណ៌ស មួយគ្រឿង បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅជិតរផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារតែម្ចាស់រថយន្ត Nissan Navara មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0765 បានថយទៅបុកបង្គោលភ្លើងមួយដើម ហើយក៏រលំសង្កត់លើរថយន្ត land cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងផងថា នៅមុនពេលកើត ឃើញមានរថយន្ត Navara ១គ្រឿង បានថយប៉ះបង្គោលភ្លើងបន្តិចសោះ ក៏បាក់ដួលសង្កត់ទៅលើរថយន្តlandcruiser ដែលកំពុងធ្វើដំណើរឆ្លងកាត់ ព្រមទាំងម៉ូតូមួយគ្រឿងទៀត តែសំណាងល្អ អ្នកបើកម៉ូតូគេចទាន់ពេលវេលា។
ក្រោយកើតហេតុម្ចាស់រថយន្តទាំង២ បានចរចាដោះស្រាយបញ្ចប់រឿងនៅកន្លែងកើត ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕





មតិយោបល់