ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបន្ថែមគ្រែព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលជាង១០០កន្លែងបន្ថែមទៀត

ដោយសារតែស្ថាន ភាពអ្នកជំងឺកូវីដ១៩ កើតលើពលករត្រឡប់មកពីថៃ និងក្នុងព្រឹត្តិការណ៍ សហគមន៍២០កម្ភ: កើនឡើងរាល់ថ្ងៃមិនឈប់នោះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបន្ថែមគ្រែព្យាបាលអ្នកជំងឺកម្រិតស្រាលចំនួន២០បន្ទប់ទៀត នៅវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោក វេជ្ជបណ្ឌិត អ៊ុកវិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងនាថ្ងៃទី១៧ ខែមិថុនាថា រដ្ឋបាលខេត្តសម្រេចរៀបចំកន្លែងព្យាបាល២០បន្ទប់ខាងលើនេះ ដើម្បីត្រៀមទុកជាមុន ដែលក្នុង មួយបន្ទប់អាចដាក់គ្រែព្យាបាលបានចំនួន៨គ្រែ ។

លោកបញ្ជាក់ថា ការរៀបចំគ្រែព្យាបាល បន្ថែមត្រៀមទុកជាមុន នេះ ពីព្រោះយើងមិនអាចប៉ាន់ ស្មានដឹង ទំហំនៃការឆ្លងជំងឺកូវីដ-១៩លើពលករមកពីថៃនិងពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណាទៀតនោះទេ នាពេលខាងមុខ ដូច្នេះការត្រៀមទុកជាមុនជាការល្អបំផុត។

ទន្ទឹមនឹងនោះដែរលោកបញ្ជាក់ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្តបំប៉នចំណេះដឹងដល់ គ្រូពេទ្យ និង គិលានុបដ្ឋាកថ្មីៗបន្ថែមទៀតឲ្យយល់ពីដឹងពីការព្យាបាល និង ការអប់រំ ផ្សេងៗ ដើម្បីត្រៀម លក្ខណ: និង ធ្វើការចល័ត មន្រ្តីសុខាភិបាលដែលមានជំនាញនិងបទពិសោធន៍ ទៅជួយកន្លែង សម្រាកព្យាបាលរៀបចំថ្មី ជាមួយមន្រ្តីសុខាភិបាលថ្មីៗ ដើម្បីផ្ទេរចំណេះដឹងនិងបទពិសោធន៍គ្នា ក្នុងការព្យាបាល ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៦ខែមិថុនា ខេត្តបាត់ដំបងរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៥៦៨នាក់ ក្នុងនោះជាសះស្បើយ ២៦៤នាក់ ស្លាប់បីនាក់ និង កំពុងសម្រាកព្យាបាលចំនួន៣០១នាក់

 

 

មតិយោបល់