ព័ត៌មានជាតិ

ខឹងកម្មករសំណង់ដូចគ្នា ជេរដៀមដាម បានយកដាវកាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១៩និ៣៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ បានយកដាវកែច្នៃកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ កើតឡើងនៅក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ិច សុខា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ដាវកែច្នៃមួយដើម ប្រវែង៩០សង់ទីម៉ែត្រ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានដើរចេញពីការដ្ឋានសំណង់ ក្នុងគោលបំណងទៅលេងផ្ទះបងប្អូន ដែលរស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលជនរងគ្រោះបានដើរចេញពីការដ្ឋានសំណង់នោះ ស្រាប់តែមានជនបង្កម្នាក់ បានយកដាវកែច្នៃមួយដើម ដែលគេទុកចោលនៅលើខ្សាច់ បានរត់ទៅកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសដាច់កែងដៃខាងស្តាំ និងស្មាខាងឆ្វេងជាំ៣កន្លែង ។ ករណីប្រើអំពើហិង្សានេះ ដោយជនសង្ស័យខឹងជនរងគ្រោះ បានស្រែកជេរដៀមដាមដាក់ជនបង្កកាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ ។ នៅពេលនោះដែរជនរងគ្រោះបានស្រែកហៅឲ្យគេជួយ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹក។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះជួយធ្វើអន្តរាគមន៍ នាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី និងធ្វើការឃាត់ខ្លួនជនបង្ក រួមនឹងវត្ថុតាងនាំទៅ ធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ។

ក្រោយពេលពីធ្វើការសាកសួរជនសង្ស័យសារភាពថា ពិតជាបានប្រើដាវកែច្នៃកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យដាច់កែងដៃខាងស្តាំ និងស្មាខាងឆ្វេងជាំ០៣កន្លែងប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់