ព័ត៌មានជាតិ

ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីកំពុងបន្តការអភិវឌ្ឍវ៉ាក់សាំង និងឱសថថ្មីប្រឆាំងនឹងជំងឺកូវីដ-១៩

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងឱកាសនៃទិវាបុគ្គលិកវេជ្ជសាស្រ្តកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីកំពុងបន្តការអភិវឌ្ឍវ៉ាក់សាំង និងឱសថថ្មីប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកបាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានចេញផ្សាយដោយគេហទំព័រវិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យថា «គោលដៅរួមរបស់យើង គឺផ្តោតទៅលើការខិតខំប្រឹងប្រែង និងធនធានទាំងអស់របស់យើងទៅលើការការពារពលរដ្ឋប្រឆាំងនឹងមេរោគឆ្លង និងផលប៉ះពាល់របស់វា ដោយដំបូងវាជាការចាំបាច់ណាស់ដើម្បីបង្កើនអត្រានៃការចាក់វ៉ាក់សាំង ហើយយើងមានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីធ្វើកិច្ចការទាំងនេះ»។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយបន្ថែមថា «ប្រទេសរុស្សីមានវ៉ាក់សាំងការពារមេរោគរាតត្បាតនេះចំនួនបួនដែលផលិតដោយខ្លួនឯង ហើយវ៉ាក់សាំង និងឱសថថ្មីៗកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍ»។

បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៤ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី គឺវ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sputnik Light ដែលផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់ផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaleya វ៉ាក់សាំង EpiVacCorona ដែលផលិតដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា Vector State និងវ៉ាក់សាំង CoviVac ដែលផលិតដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រសហព័ន្ធ Chumakov ។ វ៉ាក់សាំង Sputnik V វ៉ាក់សាំង EpiVacCorona និងវ៉ាក់សាំង CoviVac គឺតម្រូវឱ្យមានការចាក់ ២ដូស ដោយឡែកវ៉ាក់សាំង Sputnik Light គឺតម្រូវឱ្យចាក់តែ ១ដូសប៉ុណ្ណោះ៕

 

មតិយោបល់