ព័ត៌មានជាតិ

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យពីវឌ្ឍនភាពផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបានជាង៥៥ភាគរយហើយ ចំពោះគុណភាពសាងសង់ គឺល្អប្រសើរណាស់។ នៅពេលបើកឱ្យដំណើរការផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុនេះ ក្រសួងសាធារណការគ្រោងពិចារណាជាមួយក្រុមហ៊ុនចិន នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបង់ប្រាក់ពីមួយសប្ដាហ៍ទៅមួយខែ។

ផ្លូវល្បឿនលឿននេះ មិនអាចឱ្យមានការឆ្លងកាត់ទេ គឺផ្លូវត្រូវបានសាងសង់របងសងខាង ដូច្នេះអ្នកដំណើរអាចប្រើល្បឿនបាន១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានទីតាំងផ្ដល់សេវា៣កន្លែង សម្រាប់ឈប់សម្រាក ចាក់ប្រេងជាដើម។ សម្រាប់ប្រជាពលរដ្ឋតាមភូមិអាចធ្វើដំណើរបាននៅខាងក្រោមផ្លូវល្បឿនលឿននេះ ដោយក្រុមហ៊ុនបានសាងសង់ស្ពានខាងក្រោមផ្លូវចំនួន ២៧០កន្លែង។

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ២០១៩ ហើយគ្រោងបើកដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២២ ដែលគម្រោងបិទបញ្ចប់ការសាងសង់ គឺនៅខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះមានប្រវែងជាង ១៨៧គីឡូម៉ែត្រ៕

មតិយោបល់