ភ្នំពេញ: សពបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹកទន្លេសាប ដោយពុំទាន់ស្គាល់អត្តសញ្ញាណឡើយ ហើយ សមត្ថកិច្ច ចាត់ចែងស្រង់ឡើងច្រាំងដើម្បីត្រួតពិនិត្យ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង ៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចទន្លេសាប មុខសាលាបឋមសិក្សាជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពបុរសខាងលើមានលក្ខណៈហើមស្អុយទៅហើយ មានអាយុប្រមាណ៤០ឆ្នាំ ស្លៀកខោ ពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ម៉ាកក្រពើពណ៌គគីរ ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាព្រឹកនេះ គេឃើញសពអណ្តែតទឹកនៅក្បែរស្ពានជ្រោយចង្វា ហើយចេះតែរសាត់តាមខ្យល់ ទៅទិសខាងត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចបាននាំគ្នា ជួលជនជាតិខ្មែរឥស្លាមជួយសែង លើកដាក់លើច្រាំង នៅក្រោមស្ពានជ្រោយចង្វាខាងកើត ដើម្បីឲ្យនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។ នៅក្នុងខ្លួនសពសមត្ថកិច្ច រកឃើញទូរស័ព្ទចំនួន០១គ្រឿងតែរកពុំមានអត្តសញ្ញាណអ្វីឡើយ ។
តាមការត្រួតពិនិត្យ នគរបាលបច្ចេកទេស បានឲ្យដឹងថា សពបានស្លាប់ដោយសារលង់ទឹក ។ សពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តឫស្សីសាញ់ ដើម្បីបូជានិងស្រាវជ្រាវរកបងប្អូន ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់