ប្រជាជននៅស្រុក Kangra ដែលជាតំបន់ដាច់ស្រយាលភាគខាងជើងប្រទេសឥណ្ឌា និយាយថា ពួកគេអន្ទះសាចង់ចាក់វ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីមានរលកនៃការរាតត្បាតលើកទី២ បង្កឲ្យភូមិនានាច្របូកច្របល់កាលពីខែមុន។
ខណៈអ្នករស់នៅទីក្រុង ដែលមានសេវាបច្ចេកវិទ្យាបានចាក់វ៉ាក់សាំងនោះ មនុស្សរាប់លាននាក់នៅជនបទមិនបានចាក់ថ្នាំនេះទេ ពីព្រោះឧបសគ្គខាងបច្ចេកវិទ្យា។ ពួកគេ និយាយថា ការចុះឈ្មោះតាមគេហទំព័រផ្លូវការហៅថា CoWIN ជាបញ្ហាប្រឈមសម្រាប់ពួកអ្នកស្រុកជាច្រើន ដែលមានទូរស័ព្ទម៉ូតចាស់ ហើយមិនមានអ៊ីនធឺណិត។
បន្ទាប់ពីការពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់កាលពីខែមុន រដ្ឋាភិបាលឥណ្ឌា បានតម្រូវឲ្យមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៤៥ឆ្នាំចុះឈ្មោះតាមប្រព័ន្ធអនឡាញដើម្បីចាក់វ៉ាក់សាំង។ ចំណាត់ការនេះ បានធ្វើឲ្យមានការបែងចែក ដែលធ្វើឲ្យមនុស្សនៅក្នុងទីប្រជុំជន និងទីក្រុងនានាមានប្រៀប បានចាក់វ៉ាក់សាំង រីឯមនុស្សរាប់លាននាក់ទៀតនៅជនបទត្រូវប្រជ្រៀតគ្នាតម្រង់ជួរចាក់វ៉ាក់សាំង ពីព្រោះពួកគេមិនមានទូរស័ព្ទ Smart Phones ឬធនធានគ្រប់គ្រាន់។
ការរិះគន់ដែលថា ឧបករណ៍បច្ចេកវិទ្យា បានធ្វើឲ្យមនុស្សរាប់លាននាក់មិនអាចចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបាននោះ បានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការភ្លាមៗ។ នៅសប្តាហ៍នេះ អ្នកដែលអាចចាក់វ៉ាក់សាំង អាចដើរចូលមជ្ឈមណ្ឌលសុខភាពដើម្បីចុះឈ្មោះចាក់ថ្នាំនេះ។ នេះតាមការបញ្ជាក់របស់អាជ្ញាធរ។
អ្នកជំនាញសុខភាពសាធារណៈនិយាយថា សមភាពនៃការទទួលវ៉ាក់សាំងទាំងនៅតំបន់ជនបទ និងទីក្រុងមានសារៈសំខាន់ដើម្បីបញ្ចប់ការរាតត្បាត ជាពិសេសបន្ទាប់ពីការព្រមាននៃការឆ្លងនៅរលកទី៣៕
មតិយោបល់