កោះកុង ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស្រាបៀរកម្ពុជាក្រឡាប់ធ្លាក់ផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០៥នាទីមានករណី លើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ចំណុចចំណោតតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

មូលហេតុដែលបណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងនេះ ដោយសារអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ខណៈកំពុងចុះចំណោត និងជាចំណុចផ្លូវកោង ហើយហ្វ្រាំងមិនស៊ីក៏បានរេចង្កូតក្រឡាប់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើម៉ាកពុយស៊ូ ពណ៌ផ្ទៃមេឃ ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ក្បាលពាក់ស្លាកកលេខភ្នំពេញ 3E-2747 ។ ចំណែករ៉ឺម៉កសណ្តោងពាក់ស្លាកលេខភ្នំពេញ 4A-5021 ធ្វើដំណើរពីភ្នំពេញទៅ ទីរួមខេត្តកោះកុង ដឹកស្រាបៀរកម្ពុជា បើកបរដោយឈ្មោះ ហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ(រងរបួសបាក់ដៃខាងឆ្វេង)
និងអ្នករួមដំណើរឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង (រងរបួសបាក់ជើងខាងឆ្វេង) ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនតាម រថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែខេត្តកោះកុង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


មតិយោបល់