ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បាននាំយកជំនួយឧបត្ថម្ភថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងលេខរៀងទី៦លាន

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន គឺលោកស្រី ផេង សឿន​ អាយុ៦៧ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ត
កំពង់ចាម។
នៅថ្ងៃឣង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកជំទាវឱ វណ្ណឌីន បានផ្តាំផ្ញើដល់ក្រុមអគតិមួយចំនួន ជាពិសេសក្រុមពួកប្រឆាំង ដែលតែងតែលើកឡើងអំពីថ្នាំវ៉ាក់សាំង និងឱសថបូរាណចិនក្នុងការការព្យាបាលមេរោគកូវីដ-១៩នៅប្រទេសកម្ពុជានោះ ថាបើពួកផងខ្លួនមិនបានជួយអ្វីទេ សូមកុំយកជើងរាទឹក និងកុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើអ្វី ខណៈដែលពួកអគតិទាំងនោះលើកឡើងនាពេលកន្លងទៅភាគច្រើនដូចពាក់វែនតាខ្មៅមើលមិនឃើញអ្វីទាល់តែសោះនោះ។

មតិយោបល់