ព័ត៌មានជាតិ

ប៉ាគីស្ថានព្រមានបិទព្រំដែន បើសិនក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានទាំងស្រុង

 

(ប៉ាគីស្ថាន)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បាននិយាយថា អំពើហិង្សា និងភាពអនាធិបតេយ្យអាចនឹងកើតមាននៅទូទាំង អាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញវិញ ហើយលោកថាប៉ាគីស្ថានអាចនឹងបិទព្រំដែនរបស់ខ្លួន បើសិនជាក្រុមឧទ្ទាមតាលីបង់ ឡើងគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន។

លោក Shah Mahmood Qureshi ធ្វើការកត់សម្គាល់ខាងលើក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ធ្វើឡើងនៅឯភាគកណ្តាលទីក្រុង Multan កាលពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនាថាប៉ាគីស្ថានបានទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៣.៥លាននាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនឹងមិនទទួលយកទៀតទេ។

លោក Shah Mahmood Qureshi បានបន្ថែមថាប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីសន្តិភាពនៅក្នុងប្រទេស និងស្វាគមន៍មេដឹកនាំ ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ៕

ប្រភព៖ Reuters

មតិយោបល់