ព័ត៌មានជាតិ

កូរ៉េខាងជើងទទួលស្គាល់ថាលោក គីម ជុងអ៊ុន ស្រកទម្ងន់ ចំពោះមុខការបារម្ភពីបញ្ហាសុខភាព

 

(ព្យុងយ៉ាង)៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានរាយការណ៍ ឱ្យដឹងថាប្រជាជនកូរ៉េខាងជើងកំពុងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានមើលឃើញមេដឹកនាំកំពូលរបស់ពួកគេ គឺលោក គីម ជុងអ៊ុន បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ក្នុងការលក្ខណៈស្រកទម្ងន់ជាងមុន គួរឲ្យកត់សម្គាល់។

ការអនុញ្ញាតប្រជាជនកូរ៉េខាងជើង ធ្វើអត្ថាធិប្បាយដ៏កម្រចំពោះស្ថានភាពលោក គីម ជុងអ៊ុន តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋបែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពីលោក គីម ជុងអ៊ុន ដែលបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំទៅហើយនោះ មានសភាពស្រកទម្ងន់គួរឲ្យកត់សម្គាល់ នៅពេលលោកបង្ហាញវត្តមាន កាលពីដើមខែមិថុនានេះ។

បុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍រដ្ឋ KCTV កាលពីចុងសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីបានមើលឃើញ រូបរាងប្រមុខដឹកនាំកំពូលជាទីគោរពរបស់យើង (លោក គីម ជុងអ៊ុន) ស្គមជាងមុន ធ្វើឲ្យបេះដូងប្រជាជនទាំងអស់ខ្លោចផ្សាយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាសុទ្ធតែនិយាយបែបនេះ ហើយទឹកភ្នែករបស់ពួកគេ ក៏បានហូរស្រក់ចុះមក…»។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV មិនបានបង្ហើបអំពីមូលហេតុ ដែលបាននាំឲ្យលោក គីម ជុងអ៊ុន ស្រកគីឡូខុសពីធម្មតាបែបនេះឡើយ។ តែស្ថានភាពលោក គីម ជុងអ៊ុន បានកើតមានឡើង ស្របពេលដែលលោកផ្ទាល់ ទើបបានប្រកាសទទួលស្គាល់ថា កូរ៉េខាងជើងកំពុងជួបវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ៕

ប្រភព៖ AFP

 

មតិយោបល់