ព័ត៌មានជាតិ

ចិន និង​រុ​ស្ស៊ី​​ បាន​ប្រកាស​អំពី​ការ​បន្ត​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​លោក​ខាងលិច​

កាលពី​ថ្ងៃ​ច័ន្ទ​ ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ និង​សម​ភាគី​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi​ Jinping​ បាន​ប្រកាស​អំពី​ការ​បន្ត​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​អាយុកាល​ ២០​ ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​លោក​ខាងលិច​ ។​

​ថ្លែង​ទៅ​កាន់​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi​ Jinping​ តាម​រយៈ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​ប្រធានាធិបតី​ ប្រទេស​រុ​ស្ស៊ី​លោក​ Putin​ បាន​និយាយ​ថា​ សន្ធិសញ្ញា​មិត្តភាព​រវាង​ប្រទេស​ចិន​ និង​ប្រទេស​រុ​ស្ស៊ី​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ២០០១​ បាន​ចែង​អំពី​ការ​គាំទ្រ​ដល់​មហាអំណាច​ទាំង​ពីរ​ក្នុង​ការ​ការពារ​ឯកភាព​ជាតិ​ និង​បូរណភាព​ទឹកដី​ ខណៈ​ដែល​ទីក្រុង​ម៉ូ​ស្គូ​ និង​ទីក្រុង​ប៉េ​កាំ​ង​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​ជាមួយនឹង​បណ្តា​ប្រទេស​លោក​ខាងលិច​លើ​បញ្ហា​ជា​ច្រើន​។​

​វិមាន​ក្រឹម​ឡាំង​បាន​ស្រង់​សម្តី​ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Putin​ ថា​ “​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ កិច្ចព្រមព្រៀង​បែប​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ។​ នៅ​ក្នុង​បរិបទ​នៃ​ការ​កើនឡើង​នូវ​ភាព​ច្របូកច្របល់​ខាង​ភូមិសាស្ត្រ​នយោបាយ​ ការ​រំលាយ​កិច្ចព្រមព្រៀង​នៃ​ការ​គ្រប់គ្រង​អាវុធ​ និង​ការ​កើនឡើង​នៃ​ជម្លោះ​ធំៗ​នៅ​តំបន់​ផ្សេង​ក្នុង​ពិភពលោក​នោះ​ ការ​សហការ​គ្នា​រវាង​រុ​ស្ស៊ី​ និង​ចិន​ដើរតួ​នាទី​ក្នុង​ការ​រក្សា​ស្ថេ​រ​ភាព​ក្នុង​កិច្ចការ​ពិភពលោក​”​ ។​

​ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Putin​ បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​បន្ត​ដោយ​ស្វ័យប្រវត្តិ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ថែម​ទៀត​បន្ទាប់​ពី​ផុតកំណត់​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០២២​ ។​

​ទំនាក់ទំនង​របស់​រុ​ស្ស៊ី​ជាមួយ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​លោក​ខាងលិច​ដទៃ​ទៀត​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង​នៅ​ក្រោយ​សង្គ្រាមត្រជាក់​ជុំវិញ​បញ្ហា​នានា​ចាប់តាំងពី​ការ​បញ្ចូល​តំបន់​ Crimea​ ដោយ​ទីក្រុង​ម៉ូ​ស្គូ​ រហូត​ដល់​ការ​ចោទប្រកាន់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​។​

​នៅ​ដើមខែ​នេះ​ ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Putin​ បាន​បើក​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​សម​ភាគី​សហរដ្ឋអាមេរិក​ គឺ​ប្រធានាធិបតី​លោក​ Joe​ Biden​ ដែល​ពួក​គេ​បាន​សំរេចចិត្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ទោះបីជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​ក៏​ដោយ​ ៕

 

មតិយោបល់