(កាប៊ុល)៖ កងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គ NATO ទាំងអស់ ត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស Bagram របស់ខ្លួនដែលស្ថិតនៅជិតរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថានហើយ ដោយនឹងប្រគល់មូលដ្ឋានទ័ពអាកាសដ៏ធំនេះឱ្យទៅកងទ័ពអាហ្វហ្គានីស្ថានគ្រប់គ្រងវិញ។
«កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានកាន់កាប់មូលដ្ឋានទ័ពអាកាសដ៏ធំនេះទាំងស្រុងហើយ បន្ទាប់ពីមានវត្តមានរបស់កងកម្លាំងបរទេស នៅទីនោះ អស់រយៈពេលពីរទសវត្សរ៍មកនេះ»។ នេះបើតាមការឱ្យដឹងពីមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ ដោយមិនបានបញ្ជាក់ពី កាលបរិច្ឆេទពិតប្រាកដនៃការប្រគល់មូលដ្ឋានទ័ពអាកាស Bagram ទៅឱ្យកងទ័ពអាហ្វហ្គានីស្ថានគ្រប់គ្រងវិញ។
កងទ័ពរបស់សហរដ្ឋអាមេរិកប្រមាណ ៣,៥០០នាក់ និងកងទ័ពរបស់អង្គការ NATO ប្រមាណ ៧,០០០នាក់ នឹងត្រូវដកចេញនៅមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលត្រូវជាខួបលើកទី ២០ នៃការវាយប្រហារភេរវកម្ម ដែលធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន។
ប៉ុន្តែ ទន្ទឹមគ្នាក៏មានការព្រមាន ផងដែររដ្ឋាភិបាលអាហ្វហ្គានីស្ថាន អាចនឹងប្រឈមមុខនឹងការដួលរលំ ហើយក្រុមតាលីបង់អាចនឹងឡើងមកគ្រប់គ្រងប្រទេសសាជាថ្មី នៅក្រោយអាមេរិកដកកងទ័ពចេញ ទាំងស្រុង៕
ប្រភព៖ AFP
មតិយោបល់