ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ រស់នៅក្នុងសហគមន៍ទាំង៥លើខ្នងភ្នំគូលែន បានប្រកបរបរចិញ្ចឹមជ្រូកកណ្តុរលក់ ដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ និងតម្រូវការទីផ្សារ

សៀមរាប៖ ជ្រូកកណ្តុរ ដែល គេស្គាល់ថា ជាពូជជ្រូករបស់ជនជាតិដើមភាគតិច ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបនិយមចិញ្ចឹម ដើម្បីលក់ចេញបំពេញតម្រូវការទីផ្សារ ដោយសារជ្រូកប្រភេទនេះ ងាយស្រួលចិញ្ចឹម មិនពិបាកក្នុងការលក់ចេញ និងបានតម្លៃគួរសម។

លោក រ៉ាត់ រឿយ ប្រធានបណ្តាញថ្នាក់មូលដ្ឋានឧទ្យាន ជាតិភ្នំគូលែនបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៩០ ភាគរយរស់នៅក្នុងសហគមន៍ទាំង៥លើខ្នងភ្នំគូលែន បានប្រកបរបរចិញ្ចឹមជ្រូកកណ្តុរលក់ ដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ និងតម្រូវការទីផ្សារ។លោកបន្តថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិ ដោយកូន ជ្រូកក្នុងទម្ងន់ពី ៨ទៅ១០ គីឡូក្រាម អាចលក់បានតម្លៃរហូតដល់៤៥០ ០០០រៀលក្នុងមួយក្បាល ចំណាយពេលវេលាចាប់ពី២ទៅ៣ខែ អាចលក់ចេញបាន។

លោកបន្តថា ស្ថិតក្នុងស្ថាន ភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ ការលក់ចេញនូវប្រភេទជ្រូកកណ្តុរ របស់បង ប្អូនប្រជាសហគមន៍អាចដំណើរជាធម្មតា គ្រាន់តែតម្រូវការបញ្ជាទិញ របស់អតិថិជនត្រូវបានកាត់បន្ថយខ្លះៗ។

លោកបន្តថា ដើម្បីជំរុញលើកទឹកចិត្តដល់បងប្អូនប្រជា ពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ឱ្យបន្តចាប់យកមុខរបរនេះ ទៅថ្ងៃខាងមុខទៀត សហគមន៍បានសហការជាមន្ទីរអង្គភាពពាក់ព័ន្ធបានផ្តល់ពូជជ្រូកនិងវគ្គបណ្តុះបណ្តាលពីបច្ចេកទេស នៃការចិញ្ចឹមជ្រូកកណ្តុរ ឱ្យទទួលបានទិន្ន ផលខ្ពស់ ដើម្បីបង្កើនប្រាក់ ចំណូលបន្ថែមជូនពួកគាត់។

គាត់ចិញ្ចឹមមិនទាំង ៥សហគមន៍ទេ គឺ មាននៅភូមិឧបសម្ព័ន៤ទៀត គាត់ក៏ចិញ្ចឹមដែរ ជាលក្ខណៈគ្រួសារ ពូជពីរ បី ទាបបំផុតគឺ១ មិន ដែលអត់មានចញ្ចឹមទេ មានជាហូរហែ ទាំងអាជ្ញាធរមូល ដ្ឋាន ដូចជាខាងការិយាល័យ កសិកម្មស្រុក មានអង្គការដៃ គូចូលរួម ឬក៏គ្រោងខ្លីក៏គាត់មានការផ្សព្វផ្សាយ និងណែ នាំពីរបៀបចិញ្ចឹម ពេលខ្លះគាត់មានបច្ចេកទេស សម្រាប់ផ្តល់ឱ្យ ឥឡូវរាងស្ទះបន្តិច កាលពីមុនសឹងតែផលិតអត់ទាន់ តែមកបច្ចុប្បន្នផ្ទុះកូវីដ ២០កុម្ភៈនេះ ជ្រូកអត់សូវមានសេវាកម្ម។

សូមជម្រាបផងដែរថា លក្ខណៈពិសេសរបស់ជ្រូកកណ្តុរ មានដូចជា កូនជ្រូកតូចមិនសូវមានខ្លាញ់ ពូជ កាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ការចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការ រកស៊ីចំណីក្នុងព្រៃធម្មជាតិជាដើម។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀម រាប និយមចិញ្ចឹមជ្រូកតាម របៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវ ការទីផ្សារជ្រូកខ្វៃ៕

 

មតិយោបល់