ភ្នំពេញៈ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីវិស័យបរិស្ថាន វិស័យសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីបរិស្ថាន ទៅកាន់សាធារណជន ក៏ដូចជាពិភពលោកផងដែរ។
ក្នុងអាណត្តិទី៥នេះ វិស័យសារព័ត៌មាន មានការរីកចម្រើនគួរឲ្យគត់សម្គាល់ សេរីភាព នៅក្នុងការបញ្ចេញមតិ សេរីភាពស្វែងរកព័ត៌មានត្រូវបានលើកកម្ពស់ ហើយការវិវឌ្ឍន៍រីកចម្រើន នៃវិស័យសារព័ត៌មាន ក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ដោយលើកឡើង អំពីគោលនយោបាយជាតិ ទាក់ទងទៅនឹងបរិស្ថានជាពិសេសវឌ្ឍនភាពរបស់ក្រសួងបរិស្ថាន ក្នុងអាណត្តិដែលលោកបាននិងកំពុងកាន់តំណែងរយៈពេល៣ឆ្នាំ។
ដោយលោករដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាកញ្ចក់ដែលបានឆ្លុះបញ្ចាំងនូវគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងអនុវត្តន៍នូវរឿងជាក់ស្តែងផ្ទាល់តែម្តង ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ការឆ្លុះបញ្ចាំងពីអ្នកសារព័ត៌មាន បានធ្វើឲ្យមានការកែប្រែនូវគោលនយោបាយមួយចំនួន។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅលើកិច្ចគាំពារបរិស្ថាននៅប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវមួយ ដែលមានជីវចម្រុះ ធនធានព្រៃឈើ ដែលជារបរមួយដែលអាចធ្វើអាជីវកម្មបាន។ ជីវចម្រុះជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វេទិកានិពន្ធនាយកដ៏មានសារសំខាន់នេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទួយតួនាទី និងកម្រិតវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងវិស័យបរិស្ថាន។
បច្ចុប្បន្នប្រធានបទស្តីពីបរិស្ថាន និងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ក្នុងបរិបទនេះហើយដែលរាជរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថានកំពុងតែធ្វើកិច្ចការយ៉ាងសកម្មទាក់ទងទៅនឹងបញ្ហាបរិស្ថាន ដូច្នេះសារព័ត៌មានដែលជាអ្នកដើរតួនាទីដ៏សំខាន់ ក្នុងការជួយជំរុញឲ្យគោលនយោបាយនានាសម្រេចគោលដៅរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពនិងខ្លាំងឡើងៗ រួមចំណែកជំរុញកំណែកទម្រង់នូវវិស័យនានា។
លោកបន្តថា រាជរដ្ឋាភិបាល បានគាំទ្រដល់វិស័យសារព័ត៌មាន ដែលកំពុងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងជួយជំរុញឲ្យគ្រប់វិស័យ ពិសេសវិស័យបរិស្ថាន។
លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងលោករដ្ឋមន្រ្តី ខៀវ កាញ្ញារីទ្ធ មានប្រសាសន៍ថា បញ្ហាបរិស្ថាននៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នបាន នឹងកំពុងត្រូវបានលើកយកមកពិភាក្សាយ៉ាងផុសផុល ទាំងក្នុងបរិបទអន្តរជាតិនិងក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ ហើយតាមរយៈការលើកកម្ពស់វិស័យបរិស្ថាននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងនិងបានខិតខំឲ្យវិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើន។
លោកបានបញ្ជាក់ថា តួនាទីរបស់អ្នកសារព័ត៌មានបានរួមចំណែក នៅក្នុងការអភិវឌ្ឍន៍ និងពាំនាំនូវព័ត៌មានពិត ជូនទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ទាំងនៅក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹមនឹងនេះក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយក៏ដូចជាលើកទឹកចិត្តដល់អ្នកសារព័ត៌មានទូទៅ ឲ្យយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន ការគាំពារបរិស្ថាន ដើម្បីជម្រាបជូនទៅដល់សាធារណជនផងដែរ។
សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា និងសហការជាមួយវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានរៀបចំកម្មវិធីវេទិកានិពន្ធនាយក ស្តីពី ការចូលរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់ការការពារបរិស្ថាននៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នៅភោជនីយដ្ឋានទន្លេបាសាក់២។ វេទិកានេះធ្វើឡើងក្នុងបំណងដើម្បីលើកកម្ពស់ដំណោះស្រាយបញ្ហាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈពង្រឹងការចូលរួមពីបណ្តាប្រព័ន្ធផ្សព្វផ្សាយជាតិនិងពីក្នុងតំបន់។
ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមស្តីពីបញ្ហាបរិស្ថានដល់និពន្ធនាយកសារព័ត៌មាន និងស្វែងរកការគាំទ្រពីក្រុមនិពន្ធនាយក ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែផុសផុលពីប្រជាពលរដ្ឋ អាជ្ញាធរ រដ្ឋាភិបាលលល និងក្រុមវិនិយោគនានាក្នុងការនិងលើកកម្ពស់វិស័យបរិស្ថាននៅកម្ពុជា និងនៅក្នុងតំបន់៕
មតិយោបល់