(តូក្យូ)៖ ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso បាននិយាយថាជប៉ុន និងសហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នាដើម្បីការពារកោះតៃវ៉ាន់ពីការឈ្លានពានណាមួយសំណាក់ចិន ហើយដែលការអត្ថាធិប្បាយបែបនេះបានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។
ការលើកឡើងបែបនេះរបស់លោក Aso ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា សហរដ្ឋអាមេរិក និងជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ជាការត្រៀមលក្ខណៈសម្រាប់ជម្លោះជាមួយចិន ជុំវិញកោះតៃវ៉ាន់។
លោក Taro Aso ធ្វើការកត់សម្គាល់ខាងលើនៅឯវេទិការរៃអង្គាសប្រាក់សម្រាប់គណបក្សនយោបាយក្នុងទីក្រុងតូក្យូនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយថែមទាំងសង្កត់ធ្ងន់ដែរថា ការវាយប្រហារ ឬការឈ្លានពានកោះតៃវ៉ាន់ គួរតែត្រូវបានចាត់ទុកថាជាការគំរាមកំហែងដោយកម្លាំងខាងក្រៅ ដែលនេះអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិការពារខ្លួន។
ក៏ប៉ុន្តែជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថាការលើកឡើងរបស់លោក Aso បាននិងកំពុងបំផ្លាញដល់ទំនាក់ទំនង នយោបាយជាមូលដ្ឋានរវាងចិន និងជប៉ុន ហើយថាចិនជំទាស់ជាខ្លាំង ចំពោះទង្វើបែបនេះ៕
ប្រភព៖ Reuters
មតិយោបល់