ព័ត៌មានជាតិ

សហរដ្ឋ​អាមេរិក​បាន​​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូវីដ (Moderna​)​ចំនួន​ ២ លាន​ដូស​ទៅ​ឲ្យ​ប្រទេស​វៀតណាម

វ៉ាក់សាំង​ Moderna​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ ៨០​ លាន​ដំបូង​ដែលលោក​​ប្រធានាធិបតី​ ចូ បៃដិន​ បាន​សន្យាថា​នឹងទំនុកបម្រុង​នៅទូទាំង​ពិភពលោក​ ទំនង​ជាដឹក​បញ្ជូន​ទៅដល់​ប្រទេសវៀតណាម​នៅក្នុង​សប្តាហ៍នេះ​។ នេះ​បើតាម​មន្ត្រី​សេតវិមាន​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​ AFP​។

សហរដ្ឋអាមេរិក​បាន​ចាប់​ផ្តើម​សកម្មភាព​ដឹក​បញ្ជូន​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ ទៅ​តំបន់​អាស៊ីអាគ្នេយ៍ហើយ​។ ជាក់ស្តែង​ វ៉ាក់សាំង​មួយ​លានដូស​ទើប​ត្រូវ​បាន​អាមេរិក​បញ្ជូន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​កាលពីថ្ងៃចន្ទ ទី៥ កក្កដា​ ហើយ​កាលពី​សប្តាហ៍មុន​ សេតវិមាន​បាន​ប្រកាស​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ៤ លានដូសផ្សេងទៀត​ទៅដល់​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេសកំពុង​រងគ្រោះខ្លាំង​ពី​កូវីដជាងគេ​បំផុត​នៅអាស៊ី​។

 

បណ្តា​ប្រទេសផ្សេងទៀត​ដែល​នឹង​ទទួល​បាន​វ៉ាក់សាំងពីអាមេរិកដែរ​សម្រាប់​ជើង​ដំបូងដែល​មាន​ចំនួន​ ៨០លានដូស​នេះ​ រួមមាន​ ប្រទេស​កម្ពុជា​ ថៃ​ ឡាវ​ ហ្វីលីពីន​ និង​ប៉ាពូអាស៊ីនូវែលហ្គីណេ​។

វៀតណាមកុម្មុយនិស្ត​ដែល​មាន​ព្រំប្រទល់ជាប់នឹងចិន​ ត្រូវ​បាន​គេមើលឃើញថា​ជាប្រទេស​គំរូ​ ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់កូវីដ​ តាមរយៈ​ការពិនិត្យ​តាមដាន​ និងការ​ចាត់ឲ្យធ្វើ​ចត្តាឡីស័ក​យ៉ាងម៉ត់ចត់​។ រដ្ឋាភិបាល​ក្រុងហាណូយ​ បានរាយការណ៍ថា​ មាន​អ្នកស្លាប់​តែ​៩០ នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោមអ្នកឆ្លងកូវីដសរុប​ ២១ ០០០ ករណី​។

តែទោះជាបែបនេះក្តី​ អត្រា​ចាក់វ៉ាក់សាំង​មានកម្រិតទាបខ្លាំង​នៅ​ប្រទេស​វៀតណាម​ដែលមាន​ប្រជាជន​សុរប​ប្រមាណ ៩៧ លាននាក់​ ហើយ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​ គេសង្កេត​ឃើញថា​ការឆ្លងកូវីដ​បានកើនឡើង​យ៉ាងខ្លាំងមកវិញ​។

 

មតិយោបល់