ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនជ្រុល បុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យដួល រងរបួសធ្ងន់ កាលពីវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ-2-4883 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុ ក៏បានបត់ទៅខាងឆ្វេងដៃឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1M 9177 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់