សៀមរាប៖ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រួមជាមួយមន្ត្រីជំនាញ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ព្រមទាំងមានកិច្ចសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពជនរងគ្រោះ ។
ជនសង្ស័យឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កាលពីវេលាម៉ោង២២នឹង០៥នាទី ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានករណីឃាតកម្ម ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ បានផឹកស៊ី ជាមួយជនរងគ្រោះ០២នាក់៖ ជនរងគ្រោះទី១-ឈ្មោះ រិន លាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ, ជនរងគ្រោះទី២-ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង០២ រស់នៅភូមិកើតហេតុខាងលើ។ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ជនសង្ស័យ ឈ្មោះ ជិន វណ្ណា បានយកកាំបិតចុងស្រួចពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប១កាំបិត ត្រូវចង្កេះ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានបងប្អូនដឹកយកទៅពេទ្យទាំងយប់ បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ ឈ្មោះ រុន ដូង បានស្លាប់ នៅសល់ជនរងគ្រោះឈ្មោះ រិន លាប រងរបួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ម៉ោង១៦:០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជិន វណ្ណា ដែលកំពុងលាក់ខ្លួនក្នុងព្រៃស្ថិតក្នុង ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណី ខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្បនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់