ព័ត៌មានជាតិ

ការបាន៣ខែ ប្រែក្លាយជាទុក្ខ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិត ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ ​ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹង​កន្លែង​កើតហេតុ ដោយសារ​ជិះម៉ូតូ​ដួល​ និងខ្ទាតចូលក្រោមរថយន្តកុងតឺន័កិនស្លាប់យ៉ាងអាណោចអាធ័ម កា​លពីវេលាម៉ោង១២៖០០នាទី​ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ​លេខ២១និង​២២ ក្នុងភូនិចិនកោះ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសាក្សីបានឃើញការណ៍បានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FM.៥៥.១០ បានដឹកមាន់ពេញទ្រុង និងធ្វើដំណើរចេញពីអ្នកលឿងទិសដៅទៅភ្នំពេញ(បើកបរបញ្ចាសទិសគ្នា) លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែបានដួលម៉ូតូ ​បណ្តាល​ឲ្យ​ជនរងគ្រោះខ្ទាត​ទៅលើ​ថ្នល់ ស្រាប់តែរថយន្តកុងតឺន័រ​បើកបរបញ្ចាសទិសគ្នាមកដល់កិនជនរងគ្រោះស្លាប់យ៉ាងរន្ធត់​ រួច​បន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល​តែម្តង។

លោក ហង់ ផាណារ៉ា នាយផ្នែកចរាចរណ៍ស្រុកបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឆេង ជា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគ្រួស​ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែក​ព្រភព​ពី​ឪពុកជនរងគ្រោះក៏​បាន​ឲ្យដឹងដែរថា កូនប្រុសរបស់គាត់ទើបរៀបការបាន៣ខែមកហើយ។

ក្រោយ​កើតហេតុសមត្ថកិច្ចជំនាញស្រុកបានចុះទៅធ្វើការវាស់វែង និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់