ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា បណ្ដាប្រទេសអាស៊ាន រួមទាំងម្ចាស់ផ្ទះវៀតណាម បានសម្រេចជាឯកច្ឆន្ទលើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ទៅរៀបចំនៅចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ ។
ការសម្រេចពន្យារស៊ីហ្គេម ឆ្នាំ២០២១ នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញ(Zoom)របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិកចំនួន ១១ប្រទេស នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ក៏មានវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផងដែរ ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទមិនរៀបចំស៊ីហ្គេម ក្នុងឆ្នាំ២០២១ឡើយ ដោយសម្រេចលើកទៅរៀបចំនាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ប៉ុន្ដែកាលបរិច្ឆេទប្រកួត នៅមិនទាន់សម្រេចនោះទេ ដ្បិតម្ចាស់ផ្ទះវៀតណាម ថានឹងពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីអនុម័ត និងកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងពេលឆាប់ៗ បន្ទាប់ពីភាគីហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះចំពេលរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅអំឡុងខែឧសភាដូចគ្នា។
សូមបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ វៀតណាម បានស្នើសុំបណ្ដាប្រទេសសមាជិកស៊ីហ្គេម ចង់ពន្យារពេលទៅធ្វើអំឡុងខែកក្កដា ឆ្នាំ២០២២។ តែដោយមិនទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន វៀតណាមបានស្នើសេណារីយ៉ូ ៣ ពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ទី១-រក្សាការប្រកួតនៅដដែល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១, ទី២-ចង់ពន្យារពេលទៅឆ្នាំ២០២២ នៅត្រឹមខែមេសា និងខែឧសភា និងទី៣-ចង់ពន្យារពេលរហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្ដែសេណារីយ៉ូទី៣ ត្រូវបានលុបចោលវិញ បន្ទាប់ពីថៃ និងព្រុយណេ អះអាងពីការត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេណដូចគ្នា ៕
ដូច្នេះ នៅសល់ ២ជម្រើស ស្របពេលស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងខ្លាំងនៅប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ថ្ងៃនេះ វៀតណាម ក៏សម្រេចជ្រើសរើសយកសេណារីយ៉ូទី២ ដោយពន្យារពេលស៊ីហ្គេម ឆ្នាំ២០២១ ទៅធ្វើនៅអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ជាមួយការសម្រេចនេះ ក៏ទទួលបានការគាំទ្រពីបណ្ដាប្រទេសសមាជិកអាស៊ានផងដែរ ៕
មតិយោបល់