ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះនានានិងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះដើម្បីរក្សាពូជឱ្យគង់វង្សនិងថែរក្សាសោភ័ណភាពរមណីយដ្ឋាន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យបរិស្ថានដោយវេចខ្ចប់និងទុកដាក់សំណល់រឹងសំរាមឱ្យ បានត្រឹមត្រូវ និងជាពិសេសចូលរួមថែរក្សាជីវៈចម្រុះនានាជាពិសេសគួរកុំបេះប្រភេទផ្ការុក្ខជាតិព្រៃដែលកំពុងរងគ្រោះជិតផុតពូជដើម្បីរក្សាពូជនិងសោភ័ណភាពរមណីយដ្ឋានឱ្យបានស្អាតសម្រាប់ ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរដទៃទៀតដែល ចូលចិត្តនិងស្រឡាញ់ធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់ សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។

បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរ នោះឡើយ។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមថែរក្សាជីវៈចម្រុះក្នុងនោះមានផ្កាបំពង់ក្រឡោមជាដើមដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្សនិងចូលរួមថែរក្សាសោភ័ណភាពរមណីយដ្ឋានទេសចរណ៍ធម្មជាតិឱ្យនៅស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ដទៃទៀតឱ្យមកទស្សនាតំបន់រមណីយដ្ឋានធម្មជាតិឱ្យបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕

មតិយោបល់