ព្រះសីហនុៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញផែនព្រហ្មទណ្ឌ ទទួលបានបណ្តឹងពីជនរងគ្រោះថា មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់) មួយកើតឡើងនៅចំណុចក្រុមទី១១ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ជនរងគ្រោះដែលកំពុងដើរ (ថ្មើរជើង)។
ជនរងគ្រោះឈ្មោះ YE DAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ I45897210 មុខរបរ ទេសចរណ៍។
សម្ភារបាត់បង់៖ កាបូបដៃពណ៌ទឹកបិច ចំនួន១,លុយ១,១០០ដុល្លារ,កាត ATM ចំនួន១ និងអត្តសញ្ញាណប័ណ្ណ ជនជាតិចិនចំនួន១។
បន្ទាប់ពីបានទទួលបណ្តឹង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចឲ្យការិយាល័យជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៤ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។
ឆ្លងតាមការស្រាវជ្រាវស៊ើបអង្គេត កម្លាំងជំនាញកំណត់បានមុខសញ្ញា ជនសង្ស័យ រហូតដល់យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញធ្វើការបង្រ្កាបបានទាំងស្រុង ឃាត់ខ្លួនជនសង្ស័យទី១ឈ្មោះ ស៊ា បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ (ជិះខាងក្រោយ សហចារី )។ ទី២ឈ្មោះ ឡា ហ្គូហ្គូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ (អ្នកឆក់ ដៃដល់)។ និងទី៣ឈ្មោះ សូត្រ ឈីវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ មិនពិតប្រាកដ (អ្នកបើកម៉ូតូ សហចារី)។
វត្ថុតាងចាប់យកបាន ៖ ម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៦ ជាមធ្យោបាយជិះធ្វើសកម្មភាព។
ករណីនេះជនសង្ស័យទាំង៣នាក់ បានសារភាពទាំងស្រុង ហើយកំពុងបន្តតាមនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕


មតិយោបល់