ព័ត៌មានជាតិ

លោក ចូ បៃដិន ការពារការសម្រេចចិត្តដកកងទ័ពអាមេរិកពីអាហ្វហ្គានីស្ថាន ខណៈតាលីបង់កាន់តែបង្កើនការវាយលុក

 

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីថា បេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ។

ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោក បៃដិននៅតែការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន ដ្បិតយោធាអាមេរិកបាន «សម្រេចគោលដៅ» របស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់អតីតមេដឹកនាំក្រុមភេវរករអាល់កៃដា លោក Osama bin Laden និងបានរារាំងការវាយប្រហារបន្ថែមទៀត ទៅលើសហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមអ្នកជំនាញ និងមន្ត្រីយោធាអាមេរិកជាច្រើនបានព្រមានថា រដ្ឋាភិបាលទីក្រុងកាប៊ុល អាចនឹងប្រឈមមុខនឹងការដួលរលំនៅកងទ័ពអាមេរិកត្រូវបានដកចេញ ចំពោះការបង្កើនការវាយលុកកាន់តែពីក្រុមសកម្មប្រយុទ្ធតាលីបង់។

លោក បៃដិន ក៏បានសន្យាដែរថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដដែល ខណៈកំពុងគិតគូលើ អ្នកបកប្រែអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្វើការឱ្យកងកម្លាំងអាមេរិកអាចស្វែងរកការជ្រកកោន នៅក្នុងសហរដ្ឋអាមេរិកបាន។

បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានបានជាង ៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុង ឱ្យបានមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលចំនឹងថ្ងៃខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕

ប្រភព៖​​​​​​ CNN

មតិយោបល់