ភ្នំពេញៈ បុរសម្នាក់បានបើកម៉ូតូយ៉ាងលឿន គេចពីរ៉ឺម៉កកង់បីទៅបុកជាមួយនឹងទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងអ្នកបើកបរម៉ូតូជាច្រើនម៉ែត្រ បោកក្បាលទៅនឹងផ្លូវស្លាប់ក្នុងថ្លុកឈាមភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-5141 ក្នុងល្បឿនលឿន តាមបណ្តោយផ្លូនខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានវ៉ាក់ជាមួយនឹងរ៉ឺម៉កកង់បី រួចក៏ព្យាយាមជិះគេចតែគេចមិនផុត ក៏រ៉េចង្កូតម៉ូតូបុកចំទ្រូងផ្លូវពេញទំហឹង ប៉ើងអ្នកបើកម៉ូតូជាង២០ម៉ែត្រ បណ្តាលឲ្យបែកក្បាលផុងលលាដ៍ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង ចំណែកម៉ូតូបានប៉ើង ហោះមកធ្លាក់លើចំណែកផ្លូវម្ខាងទៀត ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៏ បានមកដល់កន្លែងកើតហេតុ និងបានយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់