ព័ត៌មានសុខភាព

ទីតាំងគេងដែលល្អបំផុតសម្រាប់ទារក

អ្នកដឹងទេ! ទារកប្រហែជា ១.៥០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែឪពុកម្តាយមិនបានយកចិត្តទុកដាក់ចំពោះការគេងរបស់ពួកគេ។ ដូច្នេះ ដើម្បីគេចផុតពីកត្តាមួយនេះ អ្នកគួរតែតាមដានរបៀបនៃការគេងរបស់កូនឲ្យបានជាប់លាប់ ហើយមិនគួរទុកគេចោលដោយមិនអើពើនោះទេ។

សំខាន់ជាងនេះទៅទៀត ឪពុកម្តាយគ្រប់រូប ត្រូវតែស្វែងយល់ពីទីតាំងនៃការគេងរបស់ទារកឲ្យបានត្រឹមត្រូវ ទាំងសុវត្ថិភាព និងគ្រោះថ្នាក់ ក្នុងពេលគេងរបស់ពួកគេ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលមានសុវត្ថិភាពបំផុតសម្រាប់ការគេងរបស់ទារក៖

ដាក់កូនរបស់អ្នកឲ្យគេងផ្ងារ
ការគេងផ្ងារ គឺជាទីតាំងដ៏មានសុវត្ថិភាពបំផុតសម្រាប់ទារកដែលទើបនឹងកើត នេះបើយោងតាម វិទ្យាស្ថានសុខភាពកុមារជាតិ និងវិទ្យាស្ថានការអភិវឌ្ឍន៍មនុស្ស នៅសហរដ្ឋអាមេរិក។ ការស្លាប់ដោយមិននឹកស្មានដល់របស់ទារក ក៏ព្រោះតែការគេងបែរចំហៀង ឬគេងផ្កាប់មុខច្រើន។ ចំពោះទារកដែលគេងផ្ងារ គឺមានសុខភាពល្អ បើប្រៀបធៀបជាមួយនឹងទារកដែលគេង ចំហៀង ឬផ្កាប់មុខ។ ជាពិសេស នៅពេលទារករើខ្លួនធ្វើឲ្យខុសទីតាំង អ្នកត្រូវតែបង្វិលពួកគេមកទីតាំងដែលមានសុវត្ថិភាពវិញ។

ចៀសវាងដាក់ទារកឲ្យគេងផ្កាប់មុខ
ការដាក់ទារកឲ្យគេងផ្កាប់មុខ អាចបណ្តោលឲ្យមានបញ្ហាមួយចំនួន៖
– ការគេងផ្កាប់មុខ អាចដាក់សម្ពាធលើថ្គាមរបស់ទារក និងពិបាកដកដង្ហើម។
– មេរោគជាច្រើនដែលនៅជាប់ខ្នើយ ឬកម្រាលពូក អាចចូលទៅក្នុងខ្លួនទារកបានយ៉ាងងាយ តាមរយៈការស្រូបខ្យល់ប៉ះនឹងរបស់ទាំងនោះដោយផ្ទាល់។
– ទារកអាចថប់ដង្ហើមស្លាប់ ប្រសិនបើពួកគេគេងផ្កាប់មុខ ជាពិសេសនៅលើពូកទន់ៗ។
ចំណែកឯការគេងចំហៀងវិញ ក៏ក្រុមគ្រូពេទ្យមិនបានផ្តល់អនុសាសន៍ដែរ ព្រោះវាអាចធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗដល់សុខភាព។

ហាមគេងគ្រែជាមួយទារក
ទារកទើបនឹងកើត មិនគួរគេងគ្រែជាមួយនរណាម្នាក់នោះឡើយ រួមទាំងឪពុកម្តាយ និងបងប្អូនរបស់គេ។ សូម្បីតែកូនភ្លោះ ក៏គួរតែដាក់ឲ្យគេងដោយឡែកពីគ្នាដែរ។ ការគេងគ្រែរួមជាមួយទារក អាចបង្កើនហានិភ័យនៃការថប់ដង្ហើមស្លាប់ ឬអ្នកអាចគេងសង្កត់ពីលើទារកដោយមិនដឹងខ្លួន៕

Baby-Sleeping-Positions

មតិយោបល់