(បរទេស)៖ កោះមួយឈ្មោះថា Minami-saitojima ស្ថិតក្នុងតំបន់ Okinawa archipelagoនៃប្រទេសជប៉ុន បានប្រើប្រាស់រថយន្ដស្ទូចខ្នាតធំ ដើម្បីស្ទូចអ្នកទេសចរ ឬប្រជាជន រាល់ពេលឆ្លងកាត់ម្ដងៗ។
កោះនេះ ជាកោះដ៏តូចមួយ ដែលមានព័ទ្ធជុំវិញដោយថ្មប៉ប្រះទឹកផ្កា និងមិនមានកន្លែងចតសម្រាប់ទូក ឬកប៉ាល់ឡើយ ដូច្នេះមធ្យោបាយតែមួយគត់ សម្រាប់ឆ្លងកាត់ទៅវិញទៅមក គឺប្រើប្រាស់រថយន្ដស្ទូច។ វិធីសាស្ត្រនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល៥០ឆ្នាំមកហើយ និងមានសុវត្ថិភាពដោយច្រវ៉ាក់យ៉ាងរឹងមាំ គួបផ្សំនឹងភាពលឿនបំផុតក្នុងការទៅដល់ ឬចាកចេញពីច្រាំងផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា ក្រុមហ៊ុន Daito Kaiun ជាអ្នកទទួលបន្ទុកប្រតិបត្តិការរថយន្ដស្ទូចនោះ ហើយក្រុមហ៊ុននេះបានឈរជើងយ៉ាងរឹងមាំក្នុងការប្រតិបត្តិការ បើធៀបជាមួយក្រុមហ៊ុនផ្សេងទៀត ដែលបានក្ស័យធនអស់ជាច្រើនកន្លងមកនេះ។ ចំពោះការស្ទូចមានពីរប្រភេទ ដែលទ្រុងទីមួយមានរបាំងបិទជិត ដើម្បីការពារខ្យល់ ឬភ្លៀង និងទ្រុងទីពីរ មានត្រឹមរបាំងគៀនៗប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ការសាងសង់ផែ គឺគេគិតថាមានតម្លៃថ្លៃ និងរយៈពេលយូរ ដូច្នេះមានតែមធ្យោបាយនេះប៉ុណ្ណោះដែលល្អបំផុត។ ហើយទន្ទឹមនឹងនេះដែរ វាត្រូវបានចាត់ទុកថាជាបទពិសោធដ៏គួរឲ្យភ័យខ្លាច និងសប្បាយរីករាយ ដូចឧបករណ៍ជិះលេងកម្សាន្តនៅក្នុងឧទ្យានជាតិផងដែរ៕
មតិយោបល់